ចិនបានស្វែងរកការទាក់ទាញការវិនិយោគពីបរទេស ខណៈដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយពីការរាលដាលជំងឺកូវីដ-១៩ មានការយឺតយ៉ាវ ដោយសារតែតម្រូវការនៅក្រៅប្រទេសមានការថមថយ និងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។
នៅថ្ងៃទី១៨ ខែកញ្ញា ធនាគារប្រជាជនចិន (PBoC) និងនិយតករប្តូរប្រាក់បរទេសចិន បានជួបជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងក្រុមហ៊ុននានាស្របពេលដែលទីក្រុងប៉េកាំងបង្កើនការទាក់ទាញទុនវិនិយោគបរទេសដើម្បីគាំទ្រដល់ដំណើរការស្តារសេដ្ឋកិច្ច។
យោងតាមសេចក្តីថ្លែងការណ៍របស់ PBoC តំណាងអាជីវកម្មបរទេសរួមមានក្រុមហ៊ុន Morgan Stanley, HSBC, Deutsche Bank និង Tesla ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
ចិនបានស្វែងរកការទាក់ទាញវិនិយោគពីបរទេស ខណៈដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពីការរាលដាលជំងឺកូវីដ-១៩ មានការយឺតយ៉ាវ ដោយសារតែតម្រូវការនៅក្រៅប្រទេសចុះខ្សោយ និងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។ ចិនដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក បានបង្ហាញពីសញ្ញានៅភាពនឹងនរបន្តិចម្តងៗចាប់ពីខែមុន បន្ទាប់ពីមានការគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល។
ទិន្នផលឧស្សាហកម្ម និងការលក់រាយរបស់ចិនបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងខែសីហា ឆ្នាំ២០២៣ ប៉ុន្តែការវិនិយោគអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ ហើយអាចអូសបន្លាយតម្រូវការ បើទោះបីជាគោលនយោបាយគាំទ្រជាបន្តបន្ទាប់មានសញ្ញាថ្មីៗក្នុងការជួយធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាពក៏ដោយ។
របាយការណ៍ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិជាតិចិន (NBS) នៅថ្ងៃទី ១៥ ខែកញ្ញាបានបង្ហាញថា ទិន្នផលឧស្សាហកម្មក្នុងខែសីហាបានកើនឡើង ៤,៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាង ៣,៥ភាគរយដែលបានកត់ត្រានៅខែកក្កដា និងជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា។
ការលក់រាយដែលជារង្វាស់នៃសកម្មភាពអ្នកប្រើប្រាស់ក៏បានកើនឡើង ៤,៦ភាគរយនៅខែសីហា ដោយសារតែវិស្សមកាលទេសចរណ៍រដូវក្តៅ ហើយជាការកើនឡើងលឿនបំផុតចាប់តាំងពីខែឧសភា។ តួលេខខាងលើលើសពីការកើនឡើង ២,៥ភាគរយកាលពីខែកក្កដា ៕