(ភ្នំពេញ)៖ យោងតាមស្តីពីសារពើពន្ធ ស្តីពី វិធាននៃការប្រើប្រាស់វិក្កយបត្រ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវចេញវិក្កយបត្រអាករ(Tax Invoice) ទៅឱ្យអ្នកទិញដែលជាអ្នកជាប់ពន្ធស្ថិតនៅក្រោមរបបស្វ័យប្រកាស និងត្រូវចេញវិក្កយបត្រធម្មតា(Commercial Invoice) ទៅឱ្យអ្នកទិញដែលមិនស្ថិតក្រោមរបបស្វ័យប្រកាស។ ដោយក្នុងនោះ ចំពោះអ្នកជាប់ពន្ធតូច ត្រូវចេញវិក្កយបត្រធម្មតាទៅឱ្យអ្នកទិញទាំងអស់ ទោះបីជាអ្នកទិញទាំងអស់ ជាប់ពន្ធតាមរបបស្វ័យប្រកាស និង មិនស្ថិតនៅក្រោមរបបស្វ័យប្រកាស ដែលជាអ្នកប្រើប្រាស់ចុងក្រោយក៏ដោយ។
ការដាក់ចេញនេះធ្វើឡើងក្នុងគោលបំណងពង្រឹងវិធានអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតាឱ្យមានសង្គតិភាពស័ក្កសិទ្ធិភាពនិងត្រឹមត្រូវស្របទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិស្តីពីពន្ធដារ ជាពិសេសការអនុវត្តនេះត្រូវធ្វើឡើងសម្រាប់អាជីវកម្ម ២ ប្រភេទគឺ សហគ្រាសប្រកបអាជីវកម្មហាងលក់រាយ និង សហគ្រាសប្រកបអាជីវកម្មស្ថានីយប្រេងឥន្ធនៈឬឧស្ម័នហ្គាស។
- រាល់ប្រតិបត្តិការផ្គត់ផ្គង់នីមួយៗសហគ្រាសត្រូវចេញវិក្កយបត្រធម្មតា ទោះបីជាការចេញវិក្កយបត្រនោះសរសេរដោយដៃឬម៉ាស៊ីនគិតលុយតាមប្រព័ន្ធ POS ឬតាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗទៀត និងត្រូវប្រើទម្រង់ជាវិក្កយបត្រដែលមានលេខរៀងវិក្កយបត្រនិងមាននិទន្ទេសសំខាន់ៗស្របតាមវិធាននៃការប្រើប្រាស់វិក្កយបត្ររបស់អគ្គនាយកដ្ឋានពន្ធដារ។
- សហគ្រាសត្រូវរៀបចំប័ណ្ណទទួលចំណូល (Receipt Voucher) សរុបប្រចាំថ្ងៃ ដោយបូកសរុបវិក្កយបត្រដែលបានចេញប្រចាំថ្ងៃ (សម្រាប់ប្រើប្រាស់ផ្ទៃក្នុង)។ក្នុងករណីសហគ្រាសប្រើប្រាស់ម៉ាស៊ីនគិតលុយតាមប្រព័ន្ធ POS ឬតាមប្រព័ន្ធអេឡិចត្រូនិចផ្សេងទៀតលើសពីមួយ សហគ្រាសត្រូវរៀបចំប័ណ្ណទទួលចំណូលតាមប្រព័ន្ធ POS ឬតាមប្រព័ន្ធអេឡិចត្រូនិចនោះ ដោយមានទាំងការបរិច្ឆេទនិងលេខរៀង។
- សម្រាប់គោលដៅនៃការប្រកាសពន្ធប្រចាំខែ ត្រូវបានអនុញ្ញាតឱ្យប្រកាសចំណូលពីប្រតិបត្តិការលក់តាមលេខប័ណ្ណទទួលចំណូលសរុបប្រចាំថ្ងៃនីមួយៗ ដោយបញ្ចូលព័ត៌មានក្នុងប្រអប់បរិយាយនៃប្រព័ន្ធ e-Filing នូវលេខរៀងវិក្កយបត្រប្រចាំថ្ងៃ (លេខរៀងចាប់ផ្តើម និងលេខរៀងចុងក្រោយប្រចាំថ្ងៃ) និងលេខទូឬម៉ាស៊ីនគិតលុយ/ម៉ាស៊ីនចាក់សាំង ៕