ក្រៅពីភ្នំពេញ គឺនៅមានខេត្តចំនួនពីរទៀត រួមមានខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថាទទួលបានការវិនិយោគលើសំណង់អគារខ្ពស់ៗច្រើនជាងគេក្នុងចំណោមបណ្ដាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AKP នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមឯកឧត្តម ហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា គម្រោងអគារខ្ពស់ៗគិតចាប់តាំងពីឆ្នាំ២០០០ មដកល់បច្ចុប្បន្ននេះ មានសរុបមានចំនួន ២ ៦០៩ អគារក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ ដែលមានចំនួន ១ ៧១៨អគារ នៅខេត្តព្រះសីហនុមានចំនួនអគារ ៦៩៣អគារ នៅខេត្តបន្ទាយមានជ័យមានចំនួន ១៥៥អគារ និងនៅខេត្តផ្សេងទៀតមានចំនួន ៤៣ អគារ ហើយបើគិតចាប់តាំងពីឆ្នាំ២០០០មក សំណង់លំនៅឋានមានចំនួន ១៨ ៤៤០គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៥,៤៤ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AKP។
ទន្ទឹមនឹងនេះ ការដាក់ចេញនៅគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់រាជរដ្ឋាភិបាលក្នុងរយៈកាល ថ្មីៗនេះគឺត្រូវបានមើលឃើញថាមានផលចំណេញយ៉ាងច្រើនដល់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ជារួម និងដោយឡែកក៏ជំរុញដល់វិស័យអចលនទ្រព្យ និងសំណង់ដើទៅមុខបន្ថែមទៀត។
តួរយ៉ាង រាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមសិក្សា និងសាងសង់ឡើងរួមមាន គម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ការសិក្សាគម្រោងកសាងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ការសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលគម្រោងទាំងអស់នេះនឹងដើរតួនាទីសំខាន់ បង្ហាញសក្ដានុពលបន្ថែមទៀតទៅដល់វិនិយោគិន គឺជាកត្តារុញច្រានឲ្យវិស័យអចលនទ្រព្យនិងសំណង់មួយនេះដើរទៅមុខបានមួយកម្រិតបន្ថែមទៀត។
សូមរំលឹកថាវិស័យអចលនទ្រព្យ និងសំណង់ ដែលជាជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជា ដែលមិនអាចឱ្យវិស័យមួយនេះដួលបាន។ ក្នុងនោះ វិស័យសំណង់និងអចលនទ្រព្យត្រូវបានរំពឹងថា នៅឆ្នាំ២០២៣ នឹងបន្តងើបឡើងជាសន្សឹមៗក្នុងអត្រា 1,7% និង1,2 រៀងគ្នា។ នេះបើយោងតាមទស្សនវិស័យឆ្នាំ២០២៣ ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣៕