Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ព្រលានយន្ដហោះអន្ដរជាតិចំនួន ២ នឹងបើកដំណើរការចុងឆ្នាំ២០២៣និងដើមឆ្នាំ២០២៤

Media LNN | Sep 25, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ព្រលានយន្ដហោះអន្ដរជាតិចំនួន ២ នឹងបើកដំណើរការចុងឆ្នាំ២០២៣និងដើមឆ្នាំ២០២៤
Clinic narith

(ភ្នំពេញ)៖ នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ព្រលានយន្ដហោះអន្ដរជាតិចំនួន ២ គឺព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ និងព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ មានទីតាំងស្ថិតនៅក្នុងខេត្ដសៀមរាប ដើម្បីតភ្ជាប់ផ្លូវអាកាសជាមួយប្រទេសនានាក្នុងតំបន់ និងសកលលោក។
382932985 287058204126688 6626559668157435040 N

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ កញ្ញាឆ្នាំ២០២៣ សម្តេចមហាបវរធិបតី បានមានប្រសាសន៍យ៉ាងដូច្នេះថា «បន្ដិចទៀតខ្ញុំទៅវិញនេះ ប្រហែលជាខែ១១ ឬខែ១២ យើងត្រូវទៅសម្ពោធព្រលានយន្ដហោះថ្មីនៅសៀមរាប ដែលធំជាងព្រលានយន្ដហោះចាស់ពីរបីដង(...)ហើយដើមឆ្នាំក្រោយឆ្នាំខ្ញុំនឹងសម្ពោធព្រលានយន្ដហោះមួយទៀតនៅភ្នំពេញកម្រិតអន្ដរជាតិ»។

តាមរយៈការសម្ពោធដាក់ឲ្យដំណើរការព្រលានយន្ដហោះថ្មីទាំងពីរខាងលើ ប្រមុខរាជរដ្ឋាភិបាលសង្ឃឹមថា នឹងអាចទទួលបានភ្ញៀវទេសចរច្រើនចូលមកទស្សនាប្រទេសកម្ពុជាបានកាន់តែច្រើនបន្ថែមទៀតផងដែរ។

សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ បានចាប់ផ្ដើម​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី​ ១៥ ខែមីនា ឆ្នាំ ​២០២០ ដោយសង់នៅលើ​ផ្ទៃដី​ទំហំ ៧០០ ហិកតា មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប និងមានចម្ងាយប្រមាណ ៥១ គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ដ។ ព្រលាននេះត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុន Yunnan Investment Group ក្នុងទុនសរុប ៨៨០ លានដុល្លារ។ ហើយព្រលានថ្មីនេះ ក៏នឹងគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅថ្ងៃទី១៦ ខែតុលា ខាងមុខនេះផងដែរ។

ចំពោះព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ ឬព្រលានយន្ដហោះភ្នំពេញថ្មីវិញ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះកម្ពុជា (CAIC) គឺជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា ក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការងារសាងសង់ ព្រលានយន្ដអន្ដរជាតិតេជោក្រុងតាខ្មៅលើផ្ទៃដីសរុប ២៦០០០ ហិកតាមានទីតាំងស្ថិតនៅខេត្ដកណ្ដាល ខាងត្បូងរាជធានីភ្នំពេញប្រមាណ ២០ គីឡូម៉ែត្រ។

ព្រលានយន្ដហោះថ្មីនេះត្រូវបានបែងចែកជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១នេះ គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិ (មិនគិតបញ្ចូលតម្លៃដី) អាចនឹងទទួលបានភ្ញៀវទេសចរ ១៣លាននាក់ក្នុង១ឆ្នាំ។ ចំពោះដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ៕

Fn 2021 11 25 11 35 19 1

7a9ee6d8 1e0a 40a8 B5a3 817012fcf788