(ភ្នំពេញ)៖ កាលពីដើមខែកញ្ញាឆ្នាំ២០២៣នេះ ធនាគារជាតិនៃកម្ពុជាបានបញ្ចេញប្រាក់ដុល្លារចំនួន៥០លានដុល្លារដាក់ឲ្យដេញថ្លៃដើម្បីទប់តម្លៃប្រាក់រៀលខ្មែរដែលកំពុងធ្លាក់ថ្លៃខ្លាំងគួរឲ្យកត់សម្គាល់។ ហើយកាលថ្ងៃទី២២ខែកញ្ញានេះ ធនាគារចាប់ផ្ដើមបញ្ចេញប្រាក់ដុល្លារចំនួន៣០លានដុល្លារបន្ថែមដើម្បីដាក់ឲ្យដេញថ្លៃដែលជាការធ្វើអន្តរាគមន៍ទៅលើអត្រាប្ដូរប្រាក់។
តើស្ថានភាពតម្លៃប្រាក់រៀលខ្មែរប្រែប្រួលយ៉ាងណាហើយបន្ទាប់ពីធនាគារជាតិបានធ្វើសកម្មភាពបញ្ចេញទប់ប្រាក់រៀលកុំឲ្យធ្លាក់ថ្លៃតាមរយៈការបញ្ចេញប្រាក់ដុល្លារទិញយកប្រាក់រៀលពីចរន្តសេដ្ឋកិច្ច?
បើយើងមើលតាមអត្រាប្ដូរប្រាក់ដែលបង្ហាញលើវេបសាយរបស់ធនគារជាតិនៃកម្ពុជាបានបង្ហាញថាគិតត្រឹមថ្ងៃនេះ អត្រាប្ដូរប្រាក់រវាងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ដុល្លារគឺ១ដុល្លារគឺស្មើនឹង៤,១១៦រៀល ពោលគឺអត្រាប្ដូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារមានការថយចុះ ដែលមាន័យថាប្រាក់រៀលខ្មែរយើងកាន់តែមានតម្លៃបន្ទាប់ពីធនាគារជាតិធ្វើអន្តរាគមន៍រក្សាតម្លៃប្រាក់រៀល។
ជាក់ស្ដែងកាលពីដើមខែកញ្ញានេះតម្លៃប្រាក់រៀលខ្មែរយើងគឺ១ដុល្លារស្មើនឹង៤,១៦០រៀលដែលមានន័យថាប្រាក់រៀលធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារ តែគិតត្រឹមថ្ងៃនេះ១ដុល្លារស្មើនឹង៤,១១៦រៀល។ ដូច្នេះបន្ទាប់ពីធនាគារធ្វើអន្តរាគមន៍យើងសង្កេតឃើញថាប្រាក់រៀលខ្មែរយើងបានចាប់ផ្ដើមមានតម្លៃឡើងវិញ។
បើការលើកឡើងរបស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានឲ្យដឹងថាការធនាគារជាតិនៃកម្ពុជាដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារគឺជាវិធានការដ៏ល្អក្នុងការធ្វើឲ្យតម្លៃប្រាក់រៀលដែលជារូបិយប័ណ្ណជាតិកាន់តែមានតម្លៃ។ លោកបណ្ឌិតក៏ធ្លាក់លើកឡើងផងដែរថា ថ្វីត្បិតតែប្រទេសយើងតូចពិតមែនប៉ុន្ដែធនាគារជាតិមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងហានិភ័យក្នុងប្រព័ន្ធធនាគារនិងរូបិយប័ណ្ណជាតិរបស់យើង។
គួរបញ្ជាក់ផងដែរអំឡុងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ អំឡុងឆ្នាំ២០០៩ ប្រាក់រៀលខ្មែរយើងធ្លាប់ធ្លាក់ថ្លៃខ្លាំងដោយកាលនោះអត្រាប្ដូរប្រាក់គឺ១ដុល្លារស្មើនឹង៤,២២៥រៀល។ ចំណែកបច្ចុប្បន្នអត្រាប្ដូរប្រាក់ក្នុងអត្រាប្ដូរប្រាក់១ដុល្លារស្មើនឹង៤,១១៦រៀលគឺមិនមែនជារឿងដែលយើងត្រូវបារម្ភខ្លាំងនោះទេ៕