វិបត្តិអចលនទ្រព្យ ដែលកំពុងបន្តអូសបន្លាយនៅប្រទេសចិន បានដាក់សម្ពាធបន្ថែមទៀតលើជំនឿជឿទុកចិត្តលើការវិនិយោគលើវិស័យនេះមកកាន់អាស៊ី ដូចជានៅហុងកុង និង សិង្ហបុរីជាដើម។
ទំនុកចិត្តអំពីការវិនិយោគនៅលើវិស័យអចលនទ្រព្យនៅហុងកុង ធ្លាក់ចុះប្រមាណជា២៦ភាគរយនៅដើមខែនេះ ខណៈដែលទីផ្សារហ៊ុននៅសិង្ហបុរីស្រុតចុះ ជាង ២០ភាគរយនៅពាក់កណ្តាលខែកញ្ញា នេះ។
ការស្តារនូវជំនឿទុកចិត្តមកលើការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅអាស៊ីកំពុងតែ ស្ថិតនៅក្នុងស្ថានភាពស្រអាប់ បន្ទាប់ពីវិបត្តិអចលនទ្រព្យបានផ្ទុះឡើងនៅក្នុងប្រទេសចិនថ្មីៗនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei។
លោកស្រី គ្រីស្ទិន លី (Christine Li )ប្រធានផ្នែកស្រាវជ្រាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បាននិយាយថា ជំនឿរបស់អ្នកវិនិយោគលើវិស័យអចលនទ្រព្យមានទំនាក់ទំនងនឹងភាពចលាចលចុងក្រោយបំផុត ដែលកើតចេញពីទីផ្សារអចលនទ្រព្យនៅប្រទេសចិន។
លោកស្រីបានបន្តថា ក្តីបារម្ភដែលកើតចេញពីការធ្លាក់ចុះ នៃវិស័យវិស័យអចលនទ្រព្យនៅ ចិនបានជំរុញឱ្យអ្នកវិនិយោគវាយតម្លៃឡើងវិញ នូវយុទ្ធសាស្រ្តវិនិយោគរបស់ពួកគេនៅអាស៊ី បើទោះបីជាបញ្ហាវានៅឆ្ងាយពីពួកគេក៏ដោយចុះ។
តាមសេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា តម្លៃភាគហ៊ុននៃទីផ្សារអចលនទ្រព្យនៅចិនដូចជានៅទីក្រុងប៉េកាំង សៀងហៃ និងឆេនទូ កំពុងតែស្ថិតនៅក្នុងស្ថានភាពអវិជ្ជមាននៅឡើយ ហើយបញ្ហានេះ បានជះឥទ្ធិពលដល់ទំនុកចិត្តរបស់ក្រុមអ្នកជួញដូរនៅផ្សារហ៊ុនសិង្ហបុរី។ រហូតដល់ថ្ងៃទី២២ ខែកញ្ញា តម្លៃភាគហ៊ុន ក៏ដូចជាទំនុកចិត្តមកលើវិស័យនេះនៅសិង្ហបុរី ឃើញថា មានការធ្លាក់ចុះដល់ទៅជាង២០ភាគរយ ។
លោកស្រី ល្វីស ឡូ ( Louise Loo) សេដ្ឋវិទូនៅក្រុមហ៊ុន Oxford Economics បាននិយាយថា ភាពតានតឹងដែលកំពុងបន្តនៅក្នុងវិស័យអចលនទ្រព្យ និងវិស័យធនាគារនៅចិន បានបន្ថែមការចាប់អារម្មណ៍លើទីផ្សារជុំវិញទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារបំណុលទាក់ទងនឹងអចលនទ្រព្យនៅពេលនេះមានយ៉ាងហោចណាស់៤៣ភាគរយនៃផលិតផលក្នុងស្រុកសរុប។
លោកស្រីបានគូសបញ្ជាក់ថា ភាគច្រើននៃបញ្ហាគឺទាក់ទងនឹងការបញ្ចាំ ព្រមទាំងបំណុលអ្នកអភិវឌ្ឍន៍អចលនទ្រព្យ នៅលើតារាងតុល្យការរបស់ធនាគារ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីខែមុន ក្រុមហ៊ុន Evergrande Group របស់ចិនបានដាក់ពាក្យសុំការការពារការក្ស័យធននៅសហរដ្ឋអាមេរិក ហើយក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ចិនដីគោក ក៏បានជួបវិបត្តិដែរ ដោយប្រាក់ចំណូលបានជួបប្រទះនឹងវិបត្តិសាច់ប្រាក់ដ៏គួរឱ្យព្រួយបារម្ភ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោកស្រី លី បានហៅបញ្ហានេះថា ជាការរំខានទ្វេដង ដែលបានធ្វើឱ្យវិបត្តិអចលនទ្រព្យកាន់ធ្ងន់ធ្ងរស៊ីជម្រៅថែមមួយកម្រិតទៀតនៅក្នុងប្រទេស ដែលជាមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនៅពេលនេះ។
នៅក្នុង១ខែមិថុនា ឆ្នាំ២០២៣ តម្លៃទីផ្សារជួញដូរនៅផ្សារហ៊ុនពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យមានទំហំត្រឹមតែជិត១២ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះប្រមាណជា១០ភាគរយ ហើយបើនិយាយអំពីតម្លៃទីផ្សាជារួម ធៀបនឹងឆ្នាំ២០២២ កន្លងទៅ ដែលមានទំហំជាង២៦៣ ពាន់លានដុល្លារ ខណៈតម្លៃនៃការជូញដូរទីផ្សារអចលនទ្រព្យនៅចិនធ្លាក់ចុះប្រមាណជាជិត ១៥ភាគរយ។
ដោយសារតែស្ថានភាពនេះហើយទើបធ្វើអោយការជួញដូរអចលនទ្រព្យនៅផ្សារហ៊ុននៅប្រទេសអាស៊ីផ្សេងទៀត ដូចជាសិង្ហបុរី ហុងកុង ជប៉ុនជាដើម គឺសុទ្ធតែស្ថិតនៅក្នុងស្ថានភាពប្រយ័ត្នប្រយែងបំផុត៕