Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាលកម្ពុជា បញ្ចុះអត្រាអាករនាំចេញទំនិញ​ថ្មធម្មជាតិ ដើម្បីប្រកួតប្រជែង​លើទីផ្សារអន្តរជាតិ

Media LNN | Sep 29, 2023
រាជរដ្ឋាភិបាលកម្ពុជា បញ្ចុះអត្រាអាករនាំចេញទំនិញ​ថ្មធម្មជាតិ ដើម្បីប្រកួតប្រជែង​លើទីផ្សារអន្តរជាតិ
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចបានសម្រេចចុះហត្ថលេខា ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​បញ្ចុះ​តម្លៃ​អាត្រា​អាករ ការនាំចេញលើមុខទំនិញថ្មធម្មជាតិ ក្នុងគោល​ដៅ​ជួយ​សម្រាល​បន្ទុក​ដល់​ក្រុម​ហ៊ុន​ចំពោះ​ការ​នាំចេ​ញថ្មធម្មជាតិនេះទៅក្រៅ។

តាមរយៈផេកហ្វេសបុកផ្ទាល់ និងឆាណែលតេលេក្រាមនាព្រឹកថ្ងៃទី២៩កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាត​ឱ្យ​បញ្ចុះ​អត្រា​អាករ​នាំ​ចេញ​លើ​មុខ​ទំនិញ​ថ្ម​ធម្មជាតិ​ សម្រាប់​នាំ​ចេញ​មួយ​ចំនួន​ក្នុង​គោល​ដៅ​ជួយ​សម្រាល​បន្ទុក​ដល់​ក្រុម​ហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរ នៅ​លើ​ទីផ្សារអន្តរជាតិ»។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថាក្នុងពេលដែលសម្តេច និងគណៈប្រតិភូ ចុះ​ពិនិត្យ​តាមស្តង់ពិពណ៌លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេសចិន ក្នុង​ឱកាស​ចូល​រួម​ពិព័រណ៍​អាស៊ាន-ចិន លើកទី២០ កាលពីថ្ងៃទី១៧ កញ្ញាកន្លងទៅថ្មីៗនេះ សម្តេច​បាន​ជួប​ជា​មួយ​ប្អូ​នស្រីម្នាក់ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែល​ពេល​នោះ​ប្អូន​ស្រី​បាន​ស្នើ​អោយរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ​លទ្ធភាព​ផ្តល់​ការ​ជួយ​បន្ថែម​ដល់​ការ​ធ្វើ​អាជីវកម្ម​ថ្ម​ធម្មជាតិ​នៅ​កម្ពុជា។

ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជា​សំណូមពរ​ស្រដៀង​គ្នា​ពី​បង​ប្អូន​ផ្សេង​ទៀត​នៅ​កម្ពុជា​​ដែល​សម្តេចបានទទួល សម្តេចបានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធ ដែលរួមមានក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ជាមួយនិងសមាគមថ្មក្រានិតកម្ពុជា និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មអារ ដើម្បីស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗ និង​ដើម្បី​ដាក់​ចេញ​នូវ​ដំណោះ​ស្រាយ​សមស្រប និង​ទាន់​ពេល​វេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឲ្យ​បាន​កាន់តែប្រសើរឡើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថាជាលទ្ធផល កិច្ចប្រជុំ​បាន​រៀបចំ​ជា​សំណើរ​ ដើម្បី​សុំ​គោលការណ៍​សម្រេចរបស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះសម្តេចបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោល​ដៅ​ជួយ​សម្រាល​បន្ទុក​ដល់​ក្រុម​ហ៊ុន​នាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅ​លើ​ទីផ្សារអន្តរជាតិផងដែរ៕