កីឡាការិនីជឺជីតស៊ូឆ្នើមរបស់កម្ពុជា ខាន់ ចេសា នឹងត្រូវជួបកីឡាការិនីជើងខ្លាំងអាមេរិក Danielly Kelly នាព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែក ត្រូវនឹងម៉ោងប្រមាណ ៨យប់ថ្ងៃទី២៩ ខែកញ្ញា នៅសហរដ្ឋអាមេរិក ដើម្បីប្រជែងខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាលពិភពលោក ONE Atomweight លើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 នៅប្រទេសសិង្ហបុរី ។
បន្ទាប់ពីធ្វើដំណើរដល់ទឹកដីសិង្ហបុរី ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ និង២០២៣ ខាន់ ចេសា រួមទាំងដៃគូប្រកួត បានធ្វើការថ្លឹងទម្ងន់រួចរាល់ កាលពីម្សិលមិញ មុនជួបគ្នា ក្នុងក្របខណ្ឌប្រកួតលក្ខណៈអាជីពលើកដំបូងលើសង្វៀនអន្ដរជាតិនៅតំបន់អាស៊ានស្អែកនេះ ។
ខាន់ ចេសា បានបង្ហាញការតាំងចិត្ត និងត្រៀមខ្លួនរួចរាល់ សម្រាប់ជំនួបជាមួយជើងខ្លាំងជឺជីតស៊ូលំដាប់ពិភពលោកដូចគ្នា ។ ចេសា លើកឡើងថា ខ្លួនមិនបានខ្វល់ពីដៃគូប្រកួតខ្លួនោះទេ អ្វីដែលសំខាន់ គឺនាងនឹងប្រើប្រាស់បទពិសោធន៍ប្រកួតកន្លងមក គួបផ្សំនឹងការខំប្រឹងហ្វឹកហាត់បន្ថែម ក្នុងការយកឈ្នះ Kelly ម្ដងទៀត ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Atomweight ។
គួរដឹងថា កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ធ្លាប់យកឈ្នះកីឡាការិនី Kelly ក្នុងកីឡាជឺជិតស៊ូម្ដងមកហើយ កាលពីដើមឆ្នាំ២០២១ នៅទឹកដីអាម៉េរិក មុនសម្រេចចិត្តជួបគ្នាជាថ្មី ដោយត្រូវបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE នាព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ។ ជំនួបដ៏ធំកំពុងស្ថិតក្នុងការតាមដានរបស់អ្នកនិយមកីឡាជឺជីតស៊ូពិភពលោកនេះដែរ ក៏នឹងមានផ្សាយបន្ដផ្ទាល់លើបណ្ដាញសង្គមផ្លូវការ BTV-Cambodia នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នផងដែរ៕