ក្រៅពីជាទឹកដីវ័យចំណាស់ដ៏វិសុទ្ធ តាំងពីបុរាណកាលសម័យរហូតដល់សព្វថ្ងៃកម្ពុជាសុវណ្ណភូមិមានរឿងអស្ចារ្យជាច្រើនដែលទាក់ភ្នែកកន្លង់បរទេស ឲ្យលង់សម្រស់ ចាប់ចិត្តគយគន់លង់ស្នេហ៍មិនចេះជិនណាយ។ ខាងក្រោមនេះគឺជាផលិតផធំៗទាំង៣ ក្នុងចំណោមរឿងដ៏អស្ចារ្យផ្សេងទៀត ដែលកម្ពុជាធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនិងកោតសរសើរមិនដាច់ពីមាត់៖
១/. អង្ករល្អដាច់គេ
អង្កររបស់កម្ពុជាពូជ «ផ្ការំដួល» ត្រូវបានជាប់ជា «អង្ករល្អដាច់គេ» ឈ្នះពានរង្វាន់លេខ១ លំដាប់ថ្នាក់ពិភពលោកក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយក៏ជាលើកទី៥ ដែលអង្ករកម្ពុជាទទួលជ័យលាភីនេះ។
២/. កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៃការនាំចេញកង់ទៅកាន់សហគមន៍អឺរ៉ុប
យោងតាមវេបសាយផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឱ្យដឹងថា ប្រទេសកម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងការនាំចេញកង់ ដោយជាប់ចំណាប់ថ្នាក់ថ្នាក់លេខ១ នៅតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់។ ក្នុងរបាយការណ៍ក្រសួងកសិកម្មបានបង្ហាញថា ត្រឹមរយៈពេល៦ខែ ពោលចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ៣៣១លានដុល្លារ ពីការនាំចេញកង់។
៣/. កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានច្រើន និងមានគុណភាព
គណៈប្រតិភូរៀបចំសន្និសីទស្វាយចន្ទីពិភពលោក ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានផលិតគ្រាប់ស្វាយចន្ទីមានគុណភាពល្អដាច់គេ ក្នុងទំហំជាង១ លានតោន ក្នុង ១ឆ្នាំ ព្រមទាំងបានបង្ហាញពីអត្ថប្រយោជន៍ក្នុងការផ្សព្វផ្សាយវិស័យស្វាយចន្ទីកម្ពុជា ទៅកាន់សកលលោក។
នាឱកាសនេះដែរ អង្គប្រជុំសង្ឃឹមយ៉ាងមុតមាំថា សន្និសីទស្វាយចន្ទីពិភពលោកឆ្នាំ ២០២៤ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរួមចំណែកគាំទ្រគោលនយោបាយជាតិស្វាយចន្ទី និងប្រសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលចង់ប្រែក្លាយប្រទេសកម្ពុជា ជាអធិរាជស្វាយចន្ទី ក្នុងការផលិតគ្រាប់ស្វាយចន្ទីទាំងបរិមាណ គុណភាព និងធ្វើការកែច្នៃនាំចេញទៅកាន់ទីផ្សារធំៗនៅលើពិភពលោក។
យ៉ាងណាមិញ នេះគឺជាមោទកភាពមួយរបស់កម្ពុជាដែលកើតចេញពី បេះដូងប្រជាជនកម្ពុជា ការលះបង់ដើម្បីប្រយោជន៍រួម ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីជួយឱ្យកម្ពុជាអាចឈរស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ សកម្មភាពនេះអាចនិងក្លាយជាកាតាលីករក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់កើនឡើងជាលំដាប់ ដែលជាដង្ហើមដ៏ធំមួយក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ៕