នៅរយៈពេល ៩ ខែ ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ២៧ លានដុល្លារអាមេរិក។ ដោយឡែកបើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹងខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣២ លានដុល្លារអាមេរិក។ នេះបើតាមលោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន។
លោក ហ៊ាង សុទ្ធាយុត្តិ អះអាងថា មានយានយន្តចំនួនប្រមាណ ៣ លានគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះក៏មានការស្នេីសុំនិងចុះសង្គ្រោះចំនួនប្រមាណ ៣០០០ លេីក។
បើតាមលោក ហ៊ាង សុទ្ធាយុត្ត តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់កើតឡើងតិចជាងមួយដងក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗដែលមានចរាចរណ៍មមាញឹកដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់និងចំណេញពេលវេលាធ្វេីដំណេីរ។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមបើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕