(ភ្នំពេញ)៖ នេះគឺជាពន្លឺថ្មីមួយសម្រាប់ប្រជាជនកម្ពុជា ដែលដំណាំកសិកម្ម ៣ប្រភេទរបស់កម្ពុជាគឺដំណាំស្វាយ ម្នាស់ និងអំពៅ ត្រូវបានអ្នកវិនិយោគមកពីប្រទេសម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជា។
ជាក់ស្តែង កាលពីម្សិលមិញនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសម្ដែងការស្វាគមន៍ចំពោះភាគីម៉ាឡេស៊ី ដែលចង់បញ្ជាទិញអង្ករពីកម្ពុជា ជាពិសេសប្រភេទអង្ករស និងប្រភេទអង្ករក្រអូប។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ ក្នុងការបើកផ្លូវដល់វិនិយោគិនម៉ាឡេស៊ី ដែលមានបំណងចង់មកវិនិយោគលើដំណាំស្វាយ ម្នាស់ និងអំពៅ នៅកម្ពុជា។
លើសពីនេះទៅទៀត ចំពោះការវិនិយោគនេះទៀតសោត ឯកឧត្តមរដ្ឋមន្ដ្រីលើកទឹកចិត្តដល់វិនិយោគិនម៉ាឡេស៊ី បាញ់ឆ្ពោះទៅកាន់ខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ ចំណែកកសិផលសម្រាប់នាំចេញ អ្នកវិនិយោគអាចពិចារណាធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករខ្មែរ ដើម្បីឱ្យកសិករខ្មែរដាំដុះដំណាំស្របទៅតាមតម្រូវការទីផ្សាររបស់ប្រទេសម៉ាឡេស៊ី៕