(ភ្នំពេញ)៖ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលបញ្ហារីករាតត្បាតកូវីដ-១៩ និងឥទ្ធិពលនៃស្ថានភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក កំពុងជះឥទ្ធិពលមិនល្អជាច្រើនមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជាផងដែរ។ យ៉ាងណា មិញក្រុមអ្នកជំនាញអះអាងថា បច្ចុប្បន្ននេះវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មិនទាន់ងើបពីសន្លប់នៅឡើយទេ ហើយស្ថានភាពបែបនេះអាចនឹងបន្តអូសបន្លាយបន្ថែមទៀត។
បើទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនទាន់មានលំនឹង និងមិនទាន់ច្បាស់លាស់ ប៉ុន្តែការផ្ដល់ប្រាក់កម្ចីដល់អតិថិជនតាមវិស័យនីមួយៗពីគ្រឹះស្ថានធនាគារ នៅតែបន្តកើនឡើងគួរឲ្យកត់សម្គាល់ក្នុងនោះរួមទាំងវិស័យអចលនទ្រព្យផងដែរ។ យោងតាមទិន្នន័យពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅឆមាសទី១ ឆ្នាំ២០២៣ ប្រាក់កម្ចី ដែលគ្រឹះស្ថានធនាគារបានផ្ដល់ឲ្យអតិថិជនសម្រាប់វិស័យអចលនទ្រព្យកើនឡើង១៦% បើធៀបនឹងឆ្នាំ២០២២ ដែលមានចំណែកជាង៨%នៃទំហំប្រាក់កម្ចីសរុប ដែលគ្រឹះស្ថានធនាគារបានផ្ដល់ឲ្យអតិថិជនក្នុងវិស័យសំខាន់ៗ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ អ្នកជំនាញក្នុងវិស័យអចនទ្រព្យកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះសកម្មភាពវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់នៅទ្រឹង និងបន្តជួបប្រឈមនូវបញ្ហាមួយចំនួននៅឡើយ។
លោក ច្រឹក សុខនីម អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ កត់សម្គាល់ឃើញថា វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ហាក់មានដំណើរការយឺតយ៉ាវ ជាពិសេសឥទ្ធិពលនៃការដោះដូរវិស័យអចលនទ្រព្យតែម្ដង។ អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ឥទ្ធិពលនៃវិបត្តិសាកលនៅតែបន្តគំរាមកំហែងដល់ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា ហើយធ្វើឲ្យវិស័យនេះបន្តជាប់គាំង។ ម្យ៉ាងវិញទៀត សន្ទុះនៃអ្នកវិនិយោគបរទេសដែលចូលមកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ក៏នៅតែមានទន់ខ្សោយនៅឡើយ បើទោះបីជាកន្លងមក រាជរដ្ឋាភិបាលកម្ពុជា មានការពន្យាពេលជាបន្តបន្ទាប់លើការបង់ពន្ធលើអចលនទ្រព្យមួយចំនួនក៏ដោយ។
ជុំវិញស្ថានភាពក្នុងវិស័យអចលនទ្រព្យនេះដែរ លោក ង៉ែត ជូ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យកត់សម្គាល់ឃើញថា បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ហើយការដែលវិស័យនេះនៅមានដង្ហើមក៏ដោយសារតែចលនា ទិញ-លក់ ដើម្បីយកចំណេញប៉ុណ្ណោះ។ លោក ង៉ែត ជូ យល់ឃើញថា វិស័យអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នហាក់មិនទាន់ងើបពីសន្លប់នៅឡើយ ក្រោយវិស័យនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិសាកលនានាកន្លងមក ខណៈការវិនិយោគ ដើម្បីបង្កើតលំហូរសាច់ប្រាក់ ក៏នៅមានកម្រិត។ សម្រាប់អ្នកជំនាញរូបនេះ វិស័យអចលនទ្រព្យនៅកម្ពុជា អាចនឹងបន្តរាំងស្ទះពី៤ទៅ៥ឆ្នាំ ខាងមុខទៀត ប្រសិនស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនច្បាស់លាស់ដូចសព្វថ្ងៃ។
អ្នកជំនាញបានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបាននិងកំពុងកើតមានក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្រៅពីពន្យាពេលបង់ពន្ធលើអចលនទ្រព្យមួយចំនួនក្នុងរយៈពេលខ្លី រាជរដ្ឋាភិបាលគួរតែទម្លាក់ទុនវិនិយោគឲ្យបានច្រើនចូលទៅក្នុងវិស័យអចលនទ្រព្យ។ លើសពីនេះ រាជរដ្ឋាភិបាលគួរបន្តអនុវត្តយុទ្ធនាការឲ្យធនាគារពាណិជ្ជបន្តផ្ដល់នូវកម្ចីសម្រាប់វិនិយោគិន ក៏ដូចជាមានការបន្ធូរ បន្ថយលើលក្ខខណ្ឌកម្ចីជាដើម ដើម្បីជួយឲ្យវិស័យនេះមានភាពរឹងមាំឡើងវិញ។
សូមបញ្ជាក់ថា ដើម្បីគិតគូរចំពោះផលប៉ះពាល់នានា បណ្ដាលមកពីការរីករាលដាលនៃវិបតិ្តកូវីដ១៩ រាជរដ្ឋាភិបាល នីតិកាលទី៦ បានពន្យាពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ចំនួន៣លើក ដោយចុងក្រោយបានកំណត់រយៈពេលអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ទ្រព្យជាមូលធន៥ផ្នែក។ ដោយឡែក ពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជ រដ្ឋាភិបាល បានសម្រេចពន្យាពេលចាប់ផ្ដើមអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។ ស្ថិតក្នុងកាលៈទេសៈនៃការជួបប្រឈមនឹងបញ្ហានេះ ក៏មានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយចំនួនអះអាងថា វាក៏ជាឱកាសសម្រាប់អ្នកវិនិយោគ ដែលមានធនធាន និងសម្លឹងរកការវិនិយោគរយៈពេលមធ្យម និងវែងផងដែរ៕