ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលស្នើដល់ក្រុមហ៊ុន Angkor International Airport Investment ដែលជាក្រុមហ៊ុនទទួលបន្ទុកសាងសង់ព្រលានយន្តអន្តរជាតិសៀមរាបអង្គរបំពេញកិច្ចសន្យារបស់ចំនួនពីរទៀតរួមមាន៖ ១.ការថែទាំយន្តហោះ (Aircraft Maintenance) និង ២. សេវាកម្មម្ហូបអាហារ (Catering Service) ឲ្យបានរួចរាល់មុនថ្ងៃទី១៦ ខែតុលា។ ការស្នើសុំរបស់ឯកឧត្ដមរដ្ឋមន្ដ្រីនេះ ត្រូវបានឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រអាកាសយានដ្ឋានជូនក្រុមហ៊ុនខាងលើកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងជំនួបនោះឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានណែនាំថា មកដល់ថ្ងៃនេះមានសេវាកម្មផ្ទៃដីចំនួន ៩ ដែលក្រុមហ៊ុនបានស្នើសុំវិញ្ញាបនបត្ររួចរាល់ និងនៅសល់ចំនួន ២សេវាកម្មទៀត ដែលកំពុងដំណើរការស្នើសុំ (1.Aircraft Maintenance និង 2.Catering Service)។ ដូចនេះ សូមឱ្យក្រុមហ៊ុនបំពេញនូវការសន្យារបស់ខ្លួន ធ្វើកិច្ចការដែលនៅសេសសល់នេះ ឱ្យចប់រួចរាល់មុនថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ នេះ។
ឯកឧត្ដមបញ្ជាក់បន្ដថា វិញ្ញាបនបត្រនេះជាតម្រូវការចាំបាច់មិនអាចខ្វះបានសម្រាប់ធ្វើប្រតិបត្តិការគ្រប់គ្រងអាកាសយានដ្ឋាន។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចេញវិញ្ញាបនបត្រនេះដោយអនុលោមតាមស្តង់ដា និងអនុសាសន៍ពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងនិយតកម្មក្នុងស្រុក។ ដើម្បីទទួលបានការបញ្ជាក់ថាជាប្រតិបត្តិករអាកាសយានដ្ឋានបាន ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ត្រូវបង្ហាញអនុលោមភាពរបស់ខ្លួនឱ្យត្រូវតាមស្តង់ដាអន្តរជាតិទាំងអស់ ដែលសំដៅ ជាពិសេស លើការផ្តល់សេវាសុវត្ថិភាព និងនីតិវិធីគ្រប់គ្រងដ៏ប្រសើរបំផុត។
ដើម្បីសម្រេចដូចនេះបាន ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពមួយត្រូវបានដាក់ឱ្យដំណើរការ អមជាមួយការធ្វើសវនកម្មលើក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ពីសំណាក់មន្ត្រីអធិការកិច្ចនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិល។
សូមជម្រាបថា ព្រលានយន្ដហោះសៀមរាបអង្គរ មានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះប្រភេទ(Code E) ធ្វើប្រតិបត្តិការបាន។ អាកាសយានដ្ឋានសៀមរាបអង្គរមានចំណតយន្តហោះចំនួន ៣៨ចំណត ក្នុងនោះមានចំណត Code E ចំនួន ១១ចំណត និងចំណត Code C ចំនួន ២៧ចំណត អគារប៉មបញ្ជាហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ និងមានស្ថានីយ៍អ្នកដំណើរមួយដែលអាចទទួលបានភ្ញៀវចំនួន ៧លាននាក់ក្នុង១ឆ្នាំ។ ព្រលានយន្ដហោះ ត្រូវបានធ្វើសវនកម្មលើវិញ្ញាបនបត្រអាកាសយានដ្ឋានរួចរាល់ ហើយបានចេញវិញ្ញាបនបត្រអាកាសយានដ្ឋាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣៕