Alynana Media Cambodia
Icon Collap
clinic narit

ធនាគារជាតិនៃកម្ពុជាបញ្ចេញទឹកប្រាក់ ១៤០លានដុល្លារហើយ ដើម្បីអន្តរាគមន៍ធានាស្ថិរភាពប្រាក់រៀល

Media LNN | Oct 04, 2023
ធនាគារជាតិនៃកម្ពុជាបញ្ចេញទឹកប្រាក់ ១៤០លានដុល្លារហើយ ដើម្បីអន្តរាគមន៍ធានាស្ថិរភាពប្រាក់រៀល
Clinic narith

 

(ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន ១៤០លានដុល្លារអាមេរិកហើយ ដើម្បីទិញប្រាក់រៀល ដែលធ្វើយ៉ាងណាទប់ទល់កុំឲ្យប្រាក់រៀលធ្លាក់ថ្លៃ និងរក្សាស្ថិរភាពនៃអត្រាប្តូរប្រាក់ ខណៈអត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិក កើនគួរឱ្យកត់សម្គាល់។ ចំពោះការបញ្ចេញទឹកប្រាក់ដុល្លារ ទិញប្រាក់រៀលនេះ បានធ្វើតាមដំណាក់កាលនីមួយៗ។

ដោយក្នុងនោះដំណាក់កាលទី១ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន ៥០លានដុល្លារ, លើកទី២ចំនួន ២០លានដុល្លារ លើកទី៣ចំនួន ៣០លានដុល្លារ, លើកទី៤ចំនួន ៤០លានដុល្លារ។

ធនាគារជាតិនៃកម្ពុជា ធ្លាប់បានឲ្យដឹងថា ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ខ្លួនបានត្រៀមវិធានការមួយចំនួន រួមមាន ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។

ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងពីការចាប់ផ្តើមដាក់ដេញថ្លៃប្រាក់ដុល្លារ លើកទី១ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលពេលនោះអត្រាប្តូរប្រាក់ ប្រាក់រៀលធៀបនឹងដុល្លារ គឺ ១ដុល្លារ ស្មើនឹង ៤ ១៥៩រៀល ប៉ុន្តែគិតមកត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចេញការអន្តរាគមន៍ធ្វើឱ្យតម្លៃប្រាក់រៀលធៀបនឹងដុល្លារ គឺ១ដុល្លារ ស្មើនឹង ៤១២៦រៀល។ នេះបើតាមធនាគារជាតិនៃកម្ពុជា។

ទាក់ទិនចំពោះការបញ្ចេញប្រាក់ដុល្លារទិញប្រាក់រៀលនេះ ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារ ហត្ថា បានពន្យល់បន្ថែមថា ការបញ្ចេញប្រាក់ដុល្លារទិញប្រាក់រៀលនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យមានស្ថិរភាពនៃអត្រាប្ដូរប្រាក់ ព្រោះកាលណាអាត្រាប្ដូរប្រាក់មានស្ថេរភាព និងជួយសេដ្ឋកិច្ចបានយ៉ាងច្រើន។

ឧកញ៉ាបានលើកជាឧទាហរណ៍មកពន្យល់ថា «ដូចយើងបានដឹងហើយថា ប្រាក់ដុល្លារចំនួន ១ដុល្លារ ស្មើនឹង៤០០០រៀល ដូច្នេះប្រសិនជាបណ្ដោយឲ្យប្រាក់ដុល្លារឡើង ៥០០០រៀលក្នុង១ដុល្លារនោះ ការទិញទំនិញនឹងមានតម្លៃខ្ពស់ជាងនេះ ព្រោះទំនិញដែលគេលក់លើទីផ្សារ គឺយោងតាមអត្រាប្ដូរប្រាក់។ ដូច្នេះអ្វីដែលធនាគារជាតិនៃកម្ពុជា ត្រូវធ្វើ គឺធ្វើយ៉ាងណាទប់ស្កាត់ មិនឲ្យមានអត្រាប្ដូរប្រាក់កើនឡើងនោះទេ សម្រាប់ការធ្វើឲ្យអត្រាការប្រាក់មានស្ថិរភាព ពិតជាមានសារៈសំខាន់មែនទែន»។

ឧកញ៉ាបានបញ្ជាក់បន្ថែមថា ជាក់ស្ដែងធនាគារ ហេត្ថា តែងតែចូលរួមជំរុញយ៉ាងខ្លាំង លើការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយ ដោយក្នុងនោះបានផ្ដល់កម្ចីជាប្រាក់រៀល ជូនអតិថិជនប្រមាណជា ១៣ភាគរយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ៕