(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកប្រព័ន្ធលូ និងប្រឡាយបង្ហូរទឹកពីតូចទៅធំ ព្រមទាំងដំឡើងស្ថានីយបូមទឹកឱ្យកាន់តែធំជាងមុន និងរៀបចំដំឡើងស្ថានីយបូមទឹកថ្មីបន្ថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលដែលប្រជាពលរដ្ឋរស់នៅភ្នំពេញមានភាពស៊ីវីល័យ។
នេះជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសឯកឧត្ដមអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ចំពោះរាជធានីភ្នំពេញការរៀបចំប្រព័ន្ធលូ ប្រឡាយរំដោះទឹកគឺបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធរក៏នៅតែមានបញ្ហាប្រឈមខ្លះ ដែលទាមទារឱ្យរួមគ្នាដើម្បីរកដំណោះស្រាយធ្វើយ៉ាងណាបញ្ចៀសឱ្យបានពីការលិចលង់នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងនិងយូរម្តងៗ។
ឯកឧត្ដម ឃួង ស្រេង បន្តថា កិច្ចប្រជុំនេះមានគោលបំណងប្រមូលព័ត៌មានជុំវិញប្រព័ន្ធលូ ប្រឡាយឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរិះរកវិធានការថ្មីៗបន្ថែមទៀត ឈានទៅរកការរំដោះទឹកក្នុងរាជធានីភ្នំពេញឱ្យបានកាន់តែល្អប្រសើរ និងប្រើប្រាស់បានយូរអង្វែង ពិសេសការបង្វែរផ្លូវទឹកពីខេត្តកំពង់ស្ពឺ កុំឱ្យចូលមករាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបន្ថែមទៀតថា តាមគោលការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញ ក្នុងរយៈពេល៤ឆ្នាំ ត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដីឱ្យបានល្អ ដោយធ្វើយ៉ាងណា កុំឱ្យមានការគំរាមកំហែងពីជំនន់ទឹកភ្លៀង ។
ការងារនេះរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ រៀបចំជាផែនការដាក់ទៅអន្តរក្រសួង ដើម្បីយើងបន្តអនុវត្តលើការងារនេះបន្តទៀត និងត្រូវរៀបចំជាគម្រោងធំមួយ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ បានយូរអង្វែងចាប់ពី២០ ទៅ៣០ឆ្នាំ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងផងដែរថា ការស្ថាបនាប្រព័ន្ធលូ នៅរាជធានីភ្នំពេញគិតមកដល់ឆ្នាំ២០២២ គឺស្ថាបនាបានបណ្តាញលូប្រវែងជាង ៩២៤គីឡូម៉ែត្រហើយ នឹងបន្តស្ថាបនាប្រព័ន្ធលូ ប្រឡាយជាបន្តបន្ទាប់ទៀត ។ បញ្ហាសំខាន់គឺរក្សាឱ្យបាននូវអាងស្តុបទឹក ដើម្បីរំដោះទឹកចេញពីភ្នំពេញ៕