(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលទ្ធភាពបើកឲ្យភ្ញៀវទេសចរថៃ អាចចូលមកកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន ពោលប្រើប្រាស់ត្រឹមប័ណ្ណព្រំដែន ឬ Border Pass។នេះបើតាមការលើកឡើងរបស់ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញរួមពិធី បិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
លោកអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍ “រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរក្នុងការបើកទេសចរណ៍កម្រិតណាមួយនោះ ដោយមិនចាំបាច់ប៉ាស្ព័រ (លិខិតឆ្លងដែន) មានត្រឹមតែ Border Pass ក៏អាចចូលមកលេងកម្ពុជាបាន ដែលជាការសំណូមពររបស់នាយករដ្ឋមន្ដ្រីថៃ” ។
យ៉ាងណាមិញចំពោះការប្រើប្រាស់ប័ណ្ណព្រំដែន ឬ Border Pass កំពុងតែអនុវត្តស្រាប់ហើយនៅពេលបច្ចុប្បន្ននេះ ប៉ុន្ដែជនជាតិថៃ អាចចូលមកកម្ពុជាត្រឹមតែខេត្តជាប់ព្រំដែនតែប៉ុណ្ណោះ មិនអាចចេញហួសការកំណត់នេះបានឡើយ។
គួរបញ្ជាក់ផងដែរថា ការពិចារណានេះគ្រាន់តែជាលទ្ធភាពដែលត្រូវយកមកសិក្សាប៉ុណ្ណោះ ហើយការសម្រេចយ៉ាងណានោះ រង់ចាំគ្រប់ភាគីពាក់ព័ន្ធពិភាក្សាគ្នានៅពេលក្រោយ។ នេះជាអ្វីដែលលោកអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់បន្ថែម៕