លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានកោះពេជ្រ កោះនរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ផ្សព្វផ្សាយនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ទៀតថា ក្រោយផុតរយៈពេល ៣ថ្ងៃ ការធ្វើចរាចរណ៍នឹងត្រូវផ្អាកវិញ ដោយរង់ចាំរហូតដល់ការដ្ឋានសាងសង់បញ្ចប់ទាំងស្រុង នៅអំឡុងថ្ងៃទី២០ ឬ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ខាងមុខ។ ក្រោយបញ្ចប់ការដ្ឋានទាំងស្រុង អាជ្ញាធរនឹងដាក់ឱ្យប្រើប្រាស់តែម្ដង។ នេះបើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបញ្ជាក់បន្ថែម។
បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រុមហ៊ុន O.C.I.C បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ក្រោមអធិបតីភាពលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគិតមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានអនុវត្តគម្រោងបានប្រមាណ ៩៥% ហើយ។
កន្លងមកដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ និងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយ គ្រាន់តែធ្វើឱ្យស្ថានភាពចរាចរណ៍មានភាពធូរស្រាល។
គួរជម្រាបថា សម្រាប់ការប្រើប្រាស់ជាបណ្ដោះអាសន្នស្ពាននេះ គឺអនុញ្ញាតឱ្យប្រើប្រាស់តែផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ត្រឹមទម្ងន់ ៥តោនចុះក្រោម៕