ថ្មីៗនេះ ក្រុមហ៊ុន ២មកពីបរទេស ចាប់អារម្មណ៍ចង់មកដាំដំណាំកសិកម្ម ២ប្រភេទនៅកម្ពុជា ដើម្បីដាំដុះនៅចេញទៅប្រទេសជប៉ុនផងដែរ។ ជាក់ស្តែង កាលពីកន្លងទៅកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងថ្នាក់ដឹកនាំបានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនកសិកម្មនៃធនាគារជប៉ុន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្រុមហ៊ុនជប៉ុនធំៗកំពុងចាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យកសិកម្ម។
ដោយនៅក្នុងនោះ មានក្រុមហ៊ុន Maru Co.,LTD ក្រុមហ៊ុន CJCG Co.,LTD និងធនាគារ AFP Bank Subsidiary បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាក្នុងការដាំជីបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដាររបស់ជប៉ុន ដើម្បីត្រៀមនាំចេញទៅកាន់ប្រទេសជប៉ុន។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ឌីណា បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ក្នុងការដាំជីបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដាររបស់ជប៉ុន សម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន។
ជាមួយគ្នានោះដែរ ក៏មានក្រុមហ៊ុន Nishida Barley Processing Co., Ltd បានបង្ហើបពីគោលបំណងជំរុញការដាំដុះ “ដំណាំស្គួយ-Barley” នៅកម្ពុជា ដើម្បីធ្វើការកែច្នៃនាំចេញទៅប្រទេសជប៉ុនផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រីបានមានប្រសាសន៍ថា បើចង់ជំរុញឱ្យកសិករដាំដុះដំណាំប្រភេទថ្មី ចាប់យកទីផ្សារថ្មី បង្កើតច្រវាក់ផលិតកម្មថ្មី លុះត្រាតែក្រុមហ៊ុនអាចធានាឱ្យបាននូវនិរន្តរភាពនៃទីផ្សារធំទូលំទូលាយ និងអាចផ្តល់ប្រាក់ចំណេញយូរអង្វែង ទើបមានការចូលរួមពីកសិករ៕