Alynana Media Cambodia
Icon Collap
clinic narit

ក្រុមសកម្មប្រយុទ្ធ ហេស្សប៊ូឡា បើកការបាញ់ប្រហារលើអ៊ីស្រាអែល

Media LNN | Oct 10, 2023
ក្រុមសកម្មប្រយុទ្ធ ហេស្សប៊ូឡា បើកការបាញ់ប្រហារលើអ៊ីស្រាអែល
Clinic narith

ក្រោយមានការបាញ់ប្រហារមិនធ្លាប់មានទៅលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ ក្រុមឧន្ទាមដ៏មានឥទ្ធិពលមួយក្នុងប្រទេសលីបង់ ដែលគេស្គាល់ថា ហេស្សប៊ូឡា (Hezbollah) បានបើកឆាកបាញ់សន្ធឹកមានទាំងកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតជាច្រើនទៅលើអ៊ីស្រាអែលពីព្រំដែនខាងត្បូងជាប់ជាមួយលីបង់។ ការបាញ់ប្រហារកាលពីថ្ងៃអាទិត្យនោះ ក៏មានការបាញ់ឆ្លើយតបពីសំណាក់កងកម្លាំងអ៊ីស្រាអែលវិញដែរ ដែលកំពុងទាញការព្រួយបារម្ភពីការរាលដាលនៃសង្គ្រាម។

ក្រុមឧន្ទាម ហេស្សប៊ូឡា ដែលមានអ៊ីរ៉ង់នៅពីក្រោយបានបើកការវាយប្រហារដោយរ៉ុក្កែត និងកាំភ្លើងធំជាច្រើនចូលទៅទីតាំងបីកន្លែងក្នុងទឹកដី Shebaa Farms ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។ ពួកគេបាននិយាយថា ការបាញ់នេះ គឺដើម្បីបង្ហាញពីសាមគ្គីភាព និងងើបឈរជាមួយហាម៉ាស ប៉ាឡេស្ទីន។

មន្ត្រីជាន់ខ្ពស់ក្រុម ហេស្សប៊ូឡា លោក ហាសេម សាហ្វេដឌីន ថា «ប្រវត្តិសាស្ត្រ កាំភ្លើង និងគ្រាប់រ៉ុក្គែតរបស់យើងគឺនៅជាមួយអ្នក»។ បើតាមកងទ័ពលីបង់ ការបាញ់ប្រហារនេះ គឺចេញពីតំបន់ភាគខាងត្បូងនៃប្រទេស ជាកន្លែងក្រុមឧន្ទាមនេះកាន់កាប់។ គួរជម្រាបថា ទីតាំងដែល ហេស្សប៊ូឡា បាញ់នោះគឺ ស៊ីបា ហ្វាម ដែលមានផ្ទៃក្រឡា៣៩គីឡូម៉ែត្រការ៉េ ត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែលតាំងពីឆ្នាំ១៩៦៧។ ទឹកដីនោះត្រូវបានលីបង់ និងស៊ីរីទាមទារថាជារបស់បប្រទេសលីបង់។

នៅថ្ងៃដដែលនោះ កងទ័ពជាតិអ៊ីស្រាអែល បានប្រកាសថា ខ្លួនបានបាញ់កាំភ្លើងធំឆ្លងព្រំដែនប្រទេសលីបង់ ឆ្ពោះសំដៅទៅកន្លែងបាញ់រ៉ុក្កែតរបស់ពួក ហេស្សប៊ូឡា នោះ។ ក្រសួងការពារជាតិ អ៊ីស្រាអែលបានដាក់ឱ្យកងទ័ពប្រុងជើងការខ្ពស់នៅតាមបណ្តោយព្រំដែនជាមួយលីបង់។

យោងតាមមន្ត្រីសន្តិសុខលីបង់ នៅថ្ងៃអាទិត្យដដែលនោះ ស្ថានការព្រំដែនភាគខាងត្បូងអ៊ីស្រាអែល និងលីបង់កាន់តែមានភាពតានតឹង និងផុយស្រួយធ្លាក់ចូលក្នុងសង្គ្រាម។ គេឃើញកងទ័ពអ៊ីស្រាអែល និងក្រុមប្រយុទ្ធ ហេស្សប៊ូឡា បានបាញ់កាំភ្លើងធំតទៅតមកដាក់គ្នាជាបន្តបន្ទាប់ តែមិនបានរាយការណ៍ពីចំនួនមនុស្សស្លាប់ និងរងរបួលនោះទេ។

ស្របពេលជាមួយគ្នានេះ ក្រុមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប្រចាំភាគខាងត្បូងប្រទេសលីបង់ (UNIFIL) ក៏បាននិយាយនៅក្នុងសេច្តីប្រកាសរបស់ខ្លួនដែរថា កំពុងមានការបាញ់ប្រហាររ៉ុក្កែតផ្ទុះឡើងពីលីបង់ចូលទៅកាន់ទឹកដីគ្រប់គ្រងដោយអ៊ីស្រាអែល និងកាំភ្លើងធំពីអ៊ីស្រាអែលតបមកកាន់លីបង់វិញ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់បែបនេះ ក្រុមរក្សាសន្តិភាព UN ថា គេកំពុងទាក់ទងទៅភាគីទាំងសងខាង ដើម្បីទប់ទល់ស្ថានការណ៍មិនឱ្យរាលដាល។

ទោះយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលអ៊ីស្រាអែល និងក្រុម ហេស្សប៊ូឡា បានបាញ់បោះដាក់គ្នា តែលើកនេះគឺខុសពីលើកមុនត្រង់ថា ការប៉ះទង្គិចប្រដាប់អាវុធនេះ បានកើតឡើងស្របពេលមានការវាយប្រហារទ្រង់ទ្រាយពីសំណាក់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែល។

យោងតាមកាសែត The Wall Street Journal ការវាយប្រហាររបស់ក្រុមហាម៉ាសនេះត្រូវបានរៀបចំឡើងមានការជួយពីក្រោយដោយអ៊ីរ៉ង់ និង ហេស្សប៊ូឡា។ តើក្រុមឧន្ទាម ហេស្សប៊ូឡា ក្នុងប្រទេសលីបង់ជានរណា? ក្រុមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨២ អំឡុងសង្គ្រាមស៊ីវិលលីបង់ឆ្នាំ១៩៧៥-១៩៩០ ក្រុមប្រយុទ្ធអ៊ីស្លាមនិកាយស៊ីអីត ដែលក្រោយមកហៅ ហេស្សប៊ូឡា គឺជាកូនជឹងរបស់កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ ពួកគេត្រូវបានបញ្ជូនចូលមកប្រទេសលីបង់ ដើម្បីរុញច្រានការឈ្លានពានរបស់អ៊ីស្រាអែល។

ក្រុមឧន្ទាម ហេស្សប៊ូឡា ត្រូវបានផ្តល់លុយ និងអាវុធពីសំណាក់អ៊ីរ៉ង់រាប់រយលានដុល្លារក្នុងមួយឆ្នាំៗ និងត្រូវបានសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតចាត់ទុកជាក្រុមភេរវកម្ម។ ឥទ្ធិពលរបស់ក្រុមនេះកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០១២ ដែលត្រូវដាក់ពង្រាយក្នុងប្រទេសស៊ីរី ក្នុងប្រធានាធិប​តី Bashar al-Assad ក្នុងការប្រយុទ្ធនឹងក្រុមបះបោរ។

អង្គការហេស្សប៊ូឡាមានបណ្តាញទំនាក់ទំនងយ៉ាងជិតស្និទជាមួយក្រុមប្រយុទ្ធផ្សេងទៀតក្នុងតំបន់មជ្ឈឹមបូព៌ាដូចជាហាម៉ាស និងអ៊ីស្លាមជីហាដ ដែលមានអីរ៉ង់នៅពីក្រោយខ្នង។ ក្នុងឆ្នាំ២០២១ ក្រុមឧន្ទាមនេះប្រមាណ១០ម៉ឺននាក់ ហើយអាចនឹងកើនលើសនេះបន្ថែមទៀតនាពេលបច្ចុប្បន្ន។ ក្រុមនេះគ្រប់គ្រងភាគខាងជើងប្រទេសលីបង់ និងមាន បណ្តាញតំណាងរដ្ឋមន្ត្រី និងសមាជិកសភានៅក្នុងជួររដ្ឋាភិបាល និងសភាប្រទេសលីបង់ដែរ៕