ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០ ០០០ រៀល (ប្រាំម៉ឺន)ក្នុងម្នាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៣ ដំណាលគ្នាជាមួយនឹងការផ្តល់បៀវត្សប្រចាំខែតុលា។ នេះបើយោងអនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងយោងសេចក្តីជូនដំណឹងស្តីពី «ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣» របស់ក្រសួងមុខងារសាធារ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
សូមជម្រាបជូនថា ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមមានពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំប្រពៃណីខ្មែរ បានចាប់ផ្តើមអនុវត្តតាំងពីអាណត្តិមុនៗមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តអនុវត្ត និងផ្តល់ជូនក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកលើលទ្ធភាពដែលរាជរដ្ឋាភិបាលបានសន្សំសំចៃ ដើម្បីចែករំលែកដល់មន្ត្រីរាជការគ្រប់ប្រភេទ។
គួររម្លឹកផងដែរថា ក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ បើទោះបីប្រទេសកំពុងជួបវិបត្តិទាំងសេដ្ឋកិច្ច និងសង្គម ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់មន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា មន្រ្តីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្តីភូមិ ត្រូវបានបើកផ្តល់ជាទៀងទាត់។ ខណៈនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ទោះបីមិនត្រូវបានដំឡើង ប៉ុន្តែប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភមិនត្រូវបានកាត់បន្ថយឡើយ ហើយការផ្តល់ប្រាក់ឧបត្ថម្ភជូនមន្រ្តីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នៅផ្តល់ជូនជាធម្មតា។
ការណ៍នេះ បានសបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្នុងការបន្តការពារអត្ថប្រយោជន៍ ការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់ប្រភេទ ដែលបាន និងកំពុងបំពេញបេសកកម្មបម្រើប្រជាជន និងប្រទេសជាតិ៕