ប្រទេសចិន ជាថ្មីម្តងទៀត បានព្រមានហ្វីលីពីន ប្រឆាំងនឹង «ការបង្កហេតុ» នៅសមុទ្រចិនខាងត្បូងដោយនិយាយថា ទង្វើរបស់ហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពទឹកដីរបស់ចិន បំពានច្បាប់អន្តរជាតិ និងរំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រសួងការបរទេសចិន និយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ថា ដែនដីហ្វីលីពីន ត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិជាបន្តបន្ទាប់ ហើយកោះប៉ប្រះទឹក Renai (គេហៅជាទូទៅថា Second Thomas Shoal) មិនមានប្រវត្តិជាទឹកដីរបស់ប្រទេសនេះឡើយ។
ក្រសួងការបរទេសចិន និយាយថា៖ «ហ្វីលីពីន មិនមានមូលដ្ឋានផ្លូវច្បាប់ទាល់តែសោះដើម្បីទាមទារអធិបតេយ្យភាពលើកោះប៉ប្រះទឹក Renai ក្រោមហេតុផលថា កោះនេះនៅជិតនឹងទឹកដីហ្វីលីពីន»។
កោះ Second Thomas Shoal ដែលហ្វីលីពីន ហៅ Ayungin Shoa ស្ថិតនៅចម្ងាយប្រមាណ ១៩០ គីឡូម៉ែត្រពីកោះប៉ាឡាវ៉ានរបស់ហ្វីលីពីន។
ក្រសួងបានបន្ថែមថា ហ្វីលីពីនត្រូវតែបញ្ឈប់ «ការបង្កហេតុ» និង «ការបង្កើតបញ្ហា» នៅសមុទ្រចិន ខាងត្បូង ហើយចិន នឹងបន្តធ្វើអ្វីដែលចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន។
ប្រតិកម្មរបស់ចិន នាពេលនេះ ធ្វើឡើងបន្ទាប់ពីហ្វីលីពីន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បាននិងកំពុងបញ្ជូនគ្រឿងផ្គត់ផ្គង់ផ្សេងៗរួមមានស្បៀងអាហារ ដល់កងទ័ពរបស់ខ្លួននៅបន្ទាយនៃកោះ Second Thomas Shoal ដែលជំរុញឱ្យឆ្មាំឆ្នេរសមុទ្រចិនដាក់ពង្រាយនាវាម្តងហើយម្តងទៀត ដើម្បីរារាំងបេសកកម្មផ្គត់ផ្គង់នោះ។ ហ្វីលីពីននិងសម្ព័ន្ធមិត្តក៏បានធ្វើសមយុទ្ធយោធាដើម្បីបុព្វហេតុកោះនោះដែរ៕