នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់របស់អ៊ីស្រាអែល ជាលើកដំបូងកាលពីថ្ងៃអាទិត្យ (១៥ តុលា) ដោយនិយាយថា យុទ្ធនាការរួបរួមជាតិ បានផ្ញើសារមួយនៅក្នុងប្រទេស និងក្រៅប្រទេស ខណៈដែលប្រទេសអ៊ីស្រាអែល ត្រៀមលក្ខណៈ ដើម្បី«កម្ទេចក្រុមហាម៉ាស» នៅតំបន់ហ្គាហ្សា។
ដោយមានវត្តមានអតីតសមាជិកសភាបក្សប្រឆាំង លោក Benny Gantz ដែលបានចូលរួមជាមួយរដ្ឋាភិបាល រួមជាមួយនឹងសមាជិកមួយចំនួននៃគណបក្សរបស់ខ្លួនកាលពីសប្តាហ៍មុន លោក Netanyahu បាននិយាយថា រដ្ឋមន្ត្រីទាំងអស់កំពុង «ធ្វើការឥតឈប់ឈរជាមួយរណសិរ្សរួបរួមជាតិ»។
លោក Netanyahu បាននិយាយថា «ក្រុមហាម៉ាស គិតថាពួកយើងនឹងត្រូវបានកម្ទេចចោល ប៉ុន្តែគឺជាពួកយើងទេ ដែលនឹងកម្ទេចក្រុមហាម៉ាសចោល» ដោយបន្ថែមថា ការបង្ហាញនៃការរួបរួមនេះ គឺជាការ «ផ្ញើសារយ៉ាងច្បាស់ទៅកាន់ប្រទេសជាតិ សត្រូវ និងពិភពលោកទាំងមូល»។
កាលពីថ្ងៃអាទិត្យផងដែរ ក្រុមកងទ័ពអ៊ីស្រាអែល បានបង្ហាញលោកប្រធានាធិបតី Isaac Herzog ពីទិដ្ឋភាពតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញបន្សល់ទុកដោយពួកសកម្មប្រយុទ្ធហាម៉ាស នៅទីក្រុង គីបប៊ុត បេអេរី (Kibbutz Be'eri)។
ទីក្រុង បេអេរី ជាទីក្រុងតូចមួយនៅជិតព្រំដែនជាមួយតំបន់ហ្គាហ្សា ស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស គឺជាសហគមន៍អ៊ីស្រាអែលមួយ ដែលរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ដែលមិនធ្លាប់មានពីមុនមកដោយក្រុមហាម៉ាស។ សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល ហ្សាកា បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា សាកសពជាង ១០០នាក់ ត្រូវបានរកឃើញនៅក្នុងទីក្រុងបេអេរី នេះផងដែរ៕