រយៈពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ ដែលជាថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៦៣,០៦៦ នាក់។ នេះបើយោងតាមរបាយការណ៍ លោក ប៊ុន យោង អភិបាលរងខេត្តកែប អ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានឲ្យដឹង។
របាយការណ៍ខាងលើ បញ្ជាក់ថា សម្រាប់ខេត្តកែប ភ្ញៀវទេសចរបានអញ្ជើញមកលេងលំហែកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាទូទាំងខេត្តកែបមានចំនួន ៦៣,០៦៦ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ៦២,១៩០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៨៧៦ នាក់។ ចំពោះ សណ្ដាប់ធ្នាប់ និងស្ថានភាពសន្តិសុខ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺបានរៀបចំមានរបៀបរៀបរយល្អប្រសើរនៅតាមតំបន់រមណីយដ្ឋាននីមួយៗ។
ជាមួយនោះ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ប្រាប់ឲ្យដឹងថា បើគិតចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ ដែលជាថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរពីតាមបណ្ដារាជធានី-ខេត្ត មួយចំនួន បានមកសម្រាកដើរលេងកម្សាន្តលម្ហែនៅតាមតំបន់ទេសចរណ៍ និងកន្លែងដើរលេងកម្សាន្តនានា ក្នុងភូមិសាស្ត្រខេត្តកែប។ លោកបញ្ជាក់ថា ចំនួនភ្ញៀវទេសចរឆ្នាំនេះ គឺមានការកើនឡើងជាងឆ្នាំមុន៕