(តេហរ៉ង់)៖ អ៉ីរ៉ង់បានព្រមានអ៉ីស្រាអែល អំពីការផ្ទុះរាលដាលជម្លោះកាន់តែធំ នៅក្នុងតំបន់ ប្រសិនបើមិនព្រមបញ្ឈប់ការឈ្លានពានប្រឆាំងប៉ាឡេស្ទីនទេនោះ ដោយថាភាគីផ្សេងទៀតក្នុងតំបន់បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានប្តេជ្ញាកម្ទេចក្រុមហាម៉ាស ខណៈយោធាកំពុងត្រៀមខ្លួនបើកធ្វើសង្រ្គាមជើងគោកលើតំបន់ហ្កាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានដកស្រង់សម្តីរបស់លោក ហូសសេន អាមៀ អាប់ឌុលឡាហ៉ីយ៉ាន (Hossein Amirabdollahian) ដែលគូសបញ្ជាក់ថា «ប្រសិនបើការឈ្លានពានរបស់ របប Zionist (អ៉ីស្រាអែល) មិនបញ្ឈប់នោះទេ ភាគីដទៃទៀតនៅក្នុងតំបន់អាចនឹងធ្វើសកម្មភាព»។ លោកបានបន្ថែមថា «ការទទួលខុសត្រូវចំពោះការបើក ចំហ គាំទ្រដល់ចលនាតស៊ូថ្មីក្នុងតំបន់ និងការកើនឡើងនៃសង្រ្គាមនាពេលបច្ចុប្បន្ននេះ នឹងធ្លាក់ទៅលើសហរដ្ឋអាមេរិក និងរបប Zionist ដោយផ្ទាល់»។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានចោទប្រកាន់អ៉ីរ៉ង់ជាយូរមកហើយពីការបង្កអំពើហិង្សា ដោយការផ្គត់ផ្គង់អាវុធដល់ក្រុមហាម៉ាស ប៉ុន្តែទីក្រុងតេហេរ៉ង់ថា ខ្លួនផ្តល់ការគាំទ្រផ្នែកសង្គម និងហិរញ្ញវត្ថុដល់ហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សាតែប៉ុណ្ណោះ៕