Bank of America ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី២របស់សហរដ្ឋអាមេរិកបានសម្រេចចិត្តបិទសាខាបន្ថែមចំនួន២១សាខាក្នុងខែតុលាឆ្នាំ២០២៣នេះ ហើយធនាគារធំលំដាប់ទី២របស់សហរដ្ឋអាមេរិកមួយនេះបានបង្ខំចិត្តបិទសាខាចំនួន២១សាខាក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ។
បើយោងតាមការចុះផ្សាយ Daily Mail របស់អង់គ្លេសបានឲ្យដឹងថា ធនាគារធំៗរបស់អាមេរិកបានបន្តបិទសាខាបន្តកន្ទុយគ្នានៅសហរដ្ឋអាមេរិកដែលធ្វើឲ្យប្រជាជនអាមេរិកកាន់តែពិបាកក្នុងការទទួលបានសេវាធនាគារ។ នៅក្នុងនោះដែរ ធនាគារដែលបន្តបិទសាខាមានដូចជា ធនាគារ Bank of America បិទ២១សាខា ធនាគារ Well Fargos បិទ១៥សាខា ធនាគារ US Bank បិទសាខានិងធនាគារ Chase បិទចំនួន៣សាខាផងដែរ។
មូលហេតុដែលធនាគារធំៗទាំងនេះរបស់អាមេរិកបង្ខំចិត្តបិទសាខាគឺដោយសារតែការផ្លាស់ប្ដូរទម្លាប់របស់អតិថិជនចាប់តាំងពីវិបត្តិកូដវីដ១៩មកដល់ពេលនេះ ដោយអតិថិជនរបស់ធនាគារបានចាប់ផ្ដើមផ្លាស់ប្ដូរពីការប្រើប្រាស់សេវាធនាគារបែបប្រពៃណីមកប្រើប្រាស់សេវាធនាគារឌីជីលដែលមានភាពងាយស្រួលនិងរហ័សទៀតផង។
ដោយសារតែអតិថិជនកាន់តែច្រើនឡើងបានងាកមកប្រើប្រាស់សេវាធនាគារឌីជីលទើបធ្វើឲ្យធនាគារជាច្រើនបានចាប់ផ្ដើមបិទសាខាខណៈតម្រូវការប្រើប្រាស់សេវាធនាគារតាមសាខាមានការថយចុះច្រើន ហើយគួបផ្សំនឹងសេវាធនាគារបែបឌីជីថលមិនត្រូវការសាខាច្រើនទៀតនោះទើបធនាគារចាប់ផ្ដើមកាត់បន្ថយចំនួនបណ្ដាញសាខានិងផ្ដោតវិនិយោគបច្ចេកវិទ្យាហិរញ្ញវត្ថុដើម្បីបម្រើសេវាកម្មឌីជីថល។
គួរបញ្ជាក់ផងដែរថាបើយោងតាមទិន្នន័យ Global Market Intelligence បានបង្ហាញថាសាខាធនាគារអាមេរិកចំនួន១,១៤៤សាខាត្រូវបានបិទចន្លោះពីថ្ងៃទី១ខែមករាឆ្នាំដល់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៣នេះនៅក្នុងរដ្ឋចំនួន៤៩នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិក៕