រដ្ឋាភិបាលថៃ បានសម្រេចលើកលែងទិដ្ឋាការជនជាតិរុស្ស៊ី និងអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសរបស់ខ្លួនរហូតដល់ ៩០ថ្ងៃឯណោះ។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Bangkok Post នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃលោក Sudawan Wangsuphakijkosol បានលើកឡើងយ៉ាងដូច្នេះថា៖ «ការអនុវត្តនេះ ចូលជាធរមានចាប់ពីខែវិច្ចិកា រហូតដល់ចុងខែមេសា ឆ្នាំ២០២៤។ ថៃនឹងអនុញ្ញាតឲ្យជនជាតិរុស្ស៊ីចូលមកលេងកំសាន្តក្នុងរយៈពេលយូរជាបច្ចុប្បន្នរហូតដល់៩០ថ្ងៃ ពោលគឺកើនឡើង ៣០ថ្ងៃទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក»។
យ៉ាងណាមិញ ជនជាតិរុស្ស៊ី ៩២៣ ១១៣នាក់ បានទៅលេងថៃក្នុងរយៈពេល៨ខែឆ្នាំនេះ ដោយជាប់ចំណាត់ថ្នាក់លេខ ៥ តាមពីក្រោយភ្ញៀវមកពីម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង និងឥណ្ឌា។ មុនពេលរាលដាលជំងឺកូវីដ-១៩ កាលពីឆ្នាំ២០១៩ ជនជាតិរុស្ស៊ីប្រមាណ ១,៥លាននាក់បានទៅលេងថៃដោយចំណាយប្រាក់ ៣,៣ពាន់លានដុល្លារ ដែលជាភ្ញៀវចំណាយច្រើនជាងគេលំដាប់ទីបី។
គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ ប្រទេសក៏ទើបបានលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិនផងដែរ។ ជាលទ្ធផល កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព្រលានយន្តហោះ Suvarnabhumi នាទីក្រុងបាំងកក ប្រទេសថៃ ពោរពេញទៅដោយភ្ញៀវទេសចរតម្រង់ជួរគ្នាណែនណាំតាន់តាប់ ខណៈពេលប្រទេសជាច្រើនមានភាពស្ងប់ស្ងាត់ពុំសូវមានភ្ញៀវធ្វើដំណើរតាមជើងហោះហើរ ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ១៩ កន្លងមក៕