(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសនឹងរៀបចំពិធីប្រណាំងទូក នាថ្ងៃទី១៨ និងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ដ ។
យោងតាមសេចក្ដីជូនដំណឹង ចុះហត្ថលេខាដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដើម្បីជំរុញពិធីប្រណាំងទូកនេះ ប្រព្រឹត្តទៅដោយរលូន និងមានភាពអធិកអធម រដ្ឋបាលខេត្ត បានជម្រាបជូនថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធ ដែលមានទូកខ្នាតអន្ដរជាតិ និងទូកក្ដារប៊ីសន្លឹក ដែលមានបំណងចង់ចូលរួម សូមរួសរាន់ចុះឈ្មោះនៅមន្ទីរទេសចរណ៍ខេត្ត ចាប់ពីថ្ងៃជូនដំណឹង ឬទំនាក់ទំនងទូរស័ព្ធលេខ៖ ០១១ ៩៨៧ ៨៩៦ ។
សូមរំឮកថា ពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ត្រូវបានទុកជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលរដ្ឋបាលខេត្តស្វាយរៀងតែងរៀបចំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមថែរក្សានូវទំនៀមទម្លាប់ពីបុរាណ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ៕