តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាសំដៅដល់មជ្ឈមណ្ឌលពិសេស សម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់ឧស្សាហកម្មទូទៅ ឬ/និងតំបន់ផលិតកែច្នៃនាំចេញ។
តំបន់សេដ្ឋកិច្ចពិសេសនីមួយៗមានការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់សេវានៅនឹងកន្លែងដូចជាសេវារដ្ឋបាល បែបបទនៃការនាំចេញ-ចូល ពន្ធគយ និងសេវារបស់អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដែលជួយសម្របសម្រួលនីតិវិធីធ្វើពាណិជ្ជកម្មបានឆាប់រហ័ស។ ក្នុងនោះផងដែរគម្រោងវិនិយោគ ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការលើកទឹកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស។
គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ ទីតាំង នៃ៩ រាជធានី-ខេត្ត ជាមួយគម្រោងវិនិយោគសរុបប្រមាណ ៦៥៥ គម្រោង ដែលបានផ្ដល់ការងារជាង ១៧ ម៉ឺនកន្លែង។
តំបន់សេដ្ឋកិច្ចពិសេសទាំង ២៤ ទីតាំង ដែលកំពុងដំណើរការនៅ ៩ រាជធានី-ខេត្តមាន៖
-រាជធានីភ្នំពេញ មានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២
-ខេត្តកណ្ដាល មានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២
-ខេត្តកំពង់ស្ពឺ មានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ១
-ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ៤
-ខេត្តកំពត មានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ១
-ខេត្តកោះកុង មានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ១
-ខេត្តក្រចេះ មានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ១
-ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ៩
-ខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ៣