Alynana Media Cambodia
Icon Collap
clinic narit

ការនាំ​ទំនិញ​ចេញ​-​ចូល​រវាង​កម្ពុជា​-​អាល្លឺម៉ង់ ក្នុង​រយៈពេល ​៩​ ខែ​​មានទឹក​ប្រាក់​ជិត ​$៧៧៩​ លាន

Admin Alynana | Oct 19, 2023
ការនាំ​ទំនិញ​ចេញ​-​ចូល​រវាង​កម្ពុជា​-​អាល្លឺម៉ង់ ក្នុង​រយៈពេល ​៩​ ខែ​​មានទឹក​ប្រាក់​ជិត ​$៧៧៩​ លាន
Clinic narith

ភ្នំពេញៈ ការនាំ​ទំនិញ​ចេញ​-​ចូល​រវាង​កម្ពុជា​-​អាល្លឺម៉ង់ ក្នុង​រយៈពេល ​៩​ ខែ​ដើមឆ្នាំ​ ២០២៣ មាន​ទឹកប្រាក់​សរុប​ជិត ៧៧៩ ​លាន​ដុល្លារ ថយ​ជិត ២០​ ភាគ​រយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ​២០២២ ក្នុងនោះ​ការនាំ​ចេញ​របស់​កម្ពុជា​ធ្លាក់ចុះ​ជាង ១/៤ ​ដង​។​

​ស្ថិតិ​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​ទំនិញ GDCE ឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ​ ២០២៣ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាល្លឺម៉ង់ មានទឹក​​ប្រាក់​សរុប ៧៧៨,៦៧ ​លាន​ដុល្លារ ថយចុះ ១៧,៧​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ ទឹកប្រាក់​នៃ​ពាណិជ្ជ​កម្ម​ទ្វេភាគី គឺ​ស្មើ ២,២១​ ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​រយៈពេល ៩​ ខែ ឆ្នាំ​ ២០២៣ ដែលមាន ៣៥,១៦​ ពាន់​លាន​ដុល្លារ​។ អាល្លឺម៉ង់ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ៧ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន អា​មេ​រិ​ក វៀតណាម ថៃ ជប៉ុន និង​ឥណ្ឌូនេស៊ី​។​

​សម្រាប់​ចំនួន​ទឹកប្រាក់​ខាង​​លើ គឺ​កម្ពុជា​នាំទៅ​អាល្លឺម៉ង់ ៦១៩,៦៤​ លាន​ដុល្លារ ថយចុះ ២៥,២​ ភាគរយ រីឯ​អាល្លឺម៉ង់ នាំចូល​ចំនួន ១៥៩,០៣ ​លាន​ដុល្លារ កើន ៣៥,៤ ​ភាគរយ​។ យោងតាម​តួលេខ​គឺ​ជញ្ជីង​ពា​​ណិ​ជ្ជ​កម្ម​កម្ពុជា មាន​ឧត្តមភាព ៤៦០,៦១​ លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៨ ខែតុលា​ថា ការធ្លាក់ចុះ​នៃ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាល្លឺម៉ង់ ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា គឺ​ដោយសារតែ​សេដ្ឋកិច្ច​ពិភព​លោក​ជួប​បញ្ហា​ដែល​ជំរុញ​ឱ្យ​ការបញ្ជាទិញ​ទំនិញ​ពី​ប្រទេស​អាល្លឺម៉ង់​ធ្លាក់ចុះ​។ ការធ្លាក់ចុះ​នេះ​មិន​ទាក់ទង​នឹង​គុណភាព និង​សមត្ថភាព​ផលិតផល​នៅ​កម្ពុជា​ឡើយ​។​

​លោក​អះអាងថា​៖ «​ការធ្លាក់​​ចុះ​ទំហំ​ពាណិជ្ជកម្ម​គឺ​ទាក់ទង​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក ដូច្នេះ​នៅពេល​កំណើន​សេដ្ឋកិច្ចពិភពលោក​រឹងមាំ​វិញ ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ ប្រាកដជា​កើន​ឡើង​ដែរ ខណៈ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង ២ ក៏មាន​ភាពល្អប្រសើ​រដែ​រ​»​។​

​ក្នុងជំនួប​ជាមួយ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ១៦ ខែតុលា លោក Jan Cernicky ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច និង​នវានុវត្តន៍ នៃ​កា​រិ​​យា​ល័យ Konrad Adenauer Stiftung (KAS) ប្រទេស​អា​​ល្លឺ​ម៉​ង់ បានលើកឡើង​ពី​ចំណាប់អារម្មណ៍​របស់​សភា​ពាណិជ្ជ​កម្ម​អាល្លឺម៉ង់ ដែលមាន​បំណង​ចង់​បង្កើត​ការិយាល័យ​ពាណិជ្ជ​កម្ម​នៅ​កម្ពុជា និង​ស្វែងយល់​បន្ថែម​អំពី​កាលានុវត្តភាព​នៃ​ការធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។

​ជាការ​ឆ្លើយតប លោកស្រី តឹក​រ៉េត កំរង បានបង្ហាញ​ការ​ស្វាគមន៍ និង​ការត្រៀមខ្លួន​រួចជាស្រេច​របស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អាល្លឺម៉ង់​៕