នៅក្នុងដំណើរចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ចាប់ពីថ្ងៃទី១៦-១៩ តុលា ២០២៣ កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានជួបជាមនុស្សនឹងក្រុមហ៊ុនធំៗជាច្រើន។ អ្វីដែលចាប់អារម្មណ៍នៅក្នុងជំនួបជាមួយក្រុមហ៊ុនខាងលើគឺមានក្រុមហ៊ុនមួយចំនួនបានសន្យាបោះទុន និងបន្ថែមទុនវិនិយោគនៅកម្ពុជាផងដែរ ដោយក្នុងនោះរួមមាន៖
១. ក្រុមហ៊ុន CMEC
នៅថ្ងៃទី១៧ ខែតុលា សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយលោក វ័ង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMECផងដែរ។ ក្នុងនោះជួបនោះលោក វ័ង ប៉ូ បានរៀបរាប់អំពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុន CMEC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SINOMACH ដែលមានជំនាញក្នុងវិស័យទឹកស្អាត, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ហើយបានធ្វើការវិនិយោគក្នុងគម្រោងជាច្រើននៅកម្ពុជា ។
អ្វីដែលគួរឲ្យគម្គាល់ក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខ ក្រុមហ៊ុន CMEC គ្រោងនឹងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរក្នុងទំហំទឹកប្រាក់ប្រមាណ ៣,០០០ លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស។
២. ក្រុមហ៊ុន CP Group
នៅក្នុងថ្ងៃដដែលនេះ សម្ដេចនាយករដ្ឋមន្ដ្រីក៏បានជួបពិភាក្សាជាមួយ លោក សែ ភីង (Tse Ping) អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Charoen Pokphand Group (CP Group) បានជម្រាបជូន សម្តេចថាក្រុមហ៊ុនមានគោលបំណងក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប ។
សូមជម្រាបថា ក្រុមហ៊ុន CP Group បានដំណើរការជាង ១០០ឆ្នាំ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មានការវិនិយោគនៅក្នុងប្រទេសកម្ពុជាលើកសិដ្ឋានចិញ្ចឹមសត្វ និងអចលនទ្រព្យ ផងដែរ ។
៣. ក្រុមហ៊ុន Alibaba Group
នៅថ្ងៃទី១៧ ខែតុលាដដែលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាជាមួយលោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុន Alibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈ Alibaba Group។
ត្បិតមិនមានការបណ្ដាក់ទុនវិនិយោគដូចក្រុមហ៊ុនខាងលើប៉ុន្ដែនៅក្នុងជំនួបនេះ តែក្រុមហ៊ុន Alibaba បានចុះហត្ថលេខាលើ “អនុស្សារណៈនៃការយោគយល់ (MOU) ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។
៤. ក្រុមហ៊ុន China Datang
នៅទី១៦ ខែតុលា សម្តេចធិបតីបានជួបពិភាក្សាជាមួយលោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd។ ក្នុងជំនួបនេះលោក ចូវ ឡី បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលកន្លងមកបានគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា លើគម្រោងចំនួនពីរ គឺ (i) គម្រោងវារីអគ្គិសនីអានុភាព ១២០ មេហ្កាវ៉ាត់ និងគម្រោងខ្សែបញ្ជូន និង (ii) អនុស្ថានីយ៍តង់ស្យុងខ្ពស់ ពីភ្នំពេញ-បាត់ដំបង ប្រវែង ២៩០ គីទ្បូម៉ែត្រ ។
ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបង្ហាញនូវជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងបានប្តេជ្ញាក្នុងការបង្កើនទុនវិនិយោគចំនួន ៦០០ លានដុល្លាអាមេរិកបន្ថែមទៀត លើគម្រោងក្នុងវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។
៥. ក្រុមហ៊ុន CNEE
នៅថ្ងៃដដែលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាជាមួយឯកឧត្ដម ខាង ហ៊ូពាវ (Kang Hubiao) អគ្គនាយកក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & Construction Co., Ltd. (CNEE)ផងដែរ។
នៅក្នុងជំនួននោះឯកឧត្ដម ខាង ហ៊ូពាវ បានជម្រាបជួនសម្ដេចថា ក្រុមហ៊ុន Genertec International Holding Co., Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដោយផ្តោតលើអាជីវកម្មក្នុងវិស័យធំៗចំនួនបី គឺ៖ ផ្នែកផលិតកម្ម, ការវិនិយោគលើវិស័យសុខាភិបាល និងការវិនិយោគក្រៅប្រទេស ដែលក្នុងនោះ ក៏កំពុងមានគម្រោងវិនិយោគលើវិស័យថាមពលវារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជាក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Royal Group របស់កម្ពុជា ផងដែរ៕