អាជ្ញាធរខណ្ឌដង្កោ បានសម្រេចបិទលំហូរចរាចរលើកំណាត់ផ្លូវលេខ១០៤ ដោយគិតចាប់ពីកែងផ្លូវក្រវាត់ក្រុងទី៣ រហូតដល់ព្រុំប្រទល់ នៃខេត្តកណ្តាល ដោយសារតែស្ថានភាពផ្លូវត្រូវទឹកស្ទឹងព្រែកត្នោតហក់ឡើងខ្លាំងរហូតហូរកាត់។
ផ្លូវខាងលើ គឺស្ថិតនៅក្បែរប្របនឹងសណ្តរស្ទឹង ដោយអាជ្ញាធរបិទលំហូរចរាចរណ៍ប្រមាណ២ជាងគីឡូម៉ែត្រ ដោយក្នុងនោះ មានការអនុញ្ញាត្តិឱ្យឆ្លងកាត់តែសម្រាប់ម៉ូតូតែប៉ុណ្ណោះ ក្រៅពីនោះគ្រប់យានយន្តគ្រប់ប្រភេទ គឺត្រូវបានហាមឃាត់ ដោយតម្រូវឱ្យធ្វើដំណើរវៀងទៅផ្លូវផ្សេង លើកលែងតែម្ចាស់យានយន្តទាំងឡាយណាដែលជាពលរដ្ឋរស់នៅក្បែរតំបន់រងគ្រោះនោះប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូល ។
ពលរដ្ឋរស់នៅលើដងផ្លូវលេខ១០៤ខាងលើ បានប្រាប់ឱ្យដឹងថា ស្ថានភាពទឹកស្ទឹង បានឡើងហូរកាត់ដងផ្លូវតាំងពីវេលាល្ងាចថ្ងៃទី២០ តុលា ម្សិលមិញមកម្លេះ ប៉ុន្តែហូរឡើងតិចតួចប៉ុណ្ណោះ ទើបតែវេលាយប់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២១នេះ ទឹកស្ទឹងបានហូរឡើងលើដងផ្លូវខ្លាំង រហូតហូរចូលដល់តាមលំនៅឋានរបស់ពួកគាត់ ផងដែរ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ លំនៅឋានពលរដ្ឋជាង១៦០០ខ្នងផ្ទះហើយ ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវទទួលរងនូវការជន់លិចពីទឹកស្ទឹងព្រែកត្នោត ។ ដោយក្នុងនោះ ទឹកស្ទឹងបានបង្កផលប៉ះពាល់ដល់ភូមិចំនួន៣៣ភូមិ ក្នុងសង្កាត់ចំនួន០៩ ដោយមានពលរដ្ឋរងគ្រោះសរុប ៦៩៣៣នាក់ ។
ក្រៅពីលំនៅឋានរបស់ប្រជាពលរដ្ឋដែលត្រូវទទួលរងគ្រោះហើយនោះ ក្នុងនោះក៏មាន ផ្លូវ១៩ខ្សែ , សាលារៀនចំនួន០៤ , វត្តអារាមចំនួន០៤ , សាលាសង្កាត់ចំនួន០៤ , ប៉ុស្តិ៍នគរបាលចំនួន០៣ និង មណ្ឌលសុខភាពចំនួន០២ ក៏ត្រូវបានទទួលរងនូវការជន់លិចដោយសារទឹកស្ទឹងព្រែកត្នោតផងដែរ៕