Alynana Media Cambodia
Icon Collap
clinic narit

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣.០០០គ្រួសារ

Media LNN | Oct 21, 2023
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចផ្តល់អំណោយជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣.០០០គ្រួសារ
Clinic narith

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាន​សម្រេច​ផ្តល់​អំណោយ​មនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ស្នាក់នៅបណ្តោះ​អាសន្ន​នៅ​ទួល​សុវត្ថិភាព ចំនួន ៣.០០០គ្រួសារ ក្នុងនោះមាន ចំនួន ១.៩៩០គ្រួសារ នៅខណ្ឌកំបូល និង​ខណ្ឌដង្កោ រាជធានីភ្នំពេញ និងចំនួន ១.០១០គ្រួសារ នៅក្រុង-ស្រុកចំនួន ៧ នៃ​ខេត្ត​បាត់ដំបង​។

ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០២៣ ដែលមន្រ្តីតំណាងពីកាកបាទក្រហមកម្ពុជា មាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គ​លេខាធិការ​រងទី១ អញ្ជើញចុះចែកនៅរាជធានីភ្នំពេញ ថ្ងៃទី២១ នៅខណ្ឌកំបូល ចំនួន ១៥៨​គ្រួសារ​ និងថ្ងៃទី២២ នៅខណ្ឌដង្កោ ចំនួន ១.៨៣២គ្រួសារ។ ដោយឡែក នៅខេត្តបាត់ដំបង, ឯកឧត្តម​​វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញ​ចុះ​ចែក​នៅថ្ងៃ​ទី២៣ ចំនួន ៥៣៨គ្រួសារ (ក្នុងនោះ ស្រុកបរវេល ២៥៨គ្រួសារ, ស្រុកភ្នំព្រឹក ១៤០​គ្រួសារ​, ​ស្រុកកំរៀង ១៤០គ្រួសារ) និងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទ​ក្រហម​កម្ពុជា​ អញ្ជើញចុះចែកនៅថ្ងៃទី ២៤ ចំនួន ៤៧២ គ្រួសារ (ក្នុងនោះ ស្រុកឯកភ្នំ ១៣០គ្រួសារ, ស្រុកសង្កែ ១១០គ្រួសារ, ក្រុងបាត់ដំបង ១០២គ្រួសារ, ស្រុកបាណន់ ១៣០គ្រួសារ)។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ឬទឹកត្រី ៦ដប៕