Alynana Media Cambodia
Icon Collap
clinic narit

សហរដ្ឋអាមេរិក គំរាមសងសឹក បើកងទ័ពរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា រងការវាយប្រហារ

Media LNN | Oct 23, 2023
សហរដ្ឋអាមេរិក គំរាមសងសឹក បើកងទ័ពរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា រងការវាយប្រហារ
Clinic narith

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាទីក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈជាស្រេចដើម្បីសងសឹក ប្រសិនបើ កងទ័ពអាមេរិក រងការវាយប្រហារ អំឡុងសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស នៅក្នុងបរិបទដែលលទ្ធភាពនៃការផ្ទុះរាលដាលជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា ទាំងមូល កំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

លោក Antony Blinken ធ្វើការកត់សម្គាល់បែបនេះក្នុងពេលផ្ដល់កិច្ចសម្ភាសន៍ជាមួយកម្មវិធី Meet the Press នៃទូរទស្សន៍អាមេរិក NBC កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ បើតាមលោក Blinken លោកផ្ទាល់ជឿជាក់ថាសង្រ្គាមអាចនឹងផ្ទុះឡើងកាន់តែធំ ប្រសិនបើមានការលូកដៃ ពីចលនប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់។ ប៉ុន្តែ លោកក៏បានព្រមានដែរថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានត្រៀមលក្ខណៈ ជាស្រេចដើម្បីសងសឹក នៅក្នុងករណីកងទ័ពអាមេរិកណាម្នាក់រងការវាយប្រហារ។

«យើងកំពុងចាត់វិធានការនានា ដើម្បីធានាឱ្យបានថាយើងអាចការពារមនុស្សរបស់យើង និងធ្វើការឆ្លើយតប ប្រសិនបើចាំបាច់ត្រូវធ្វើដូច្នេះ»។ នេះជាការបញ្ជាក់ របស់លោក Blinken ជាមួយការបន្ថែមថាសហរដ្ឋអាមេរិកមិនចង់ឃើញជម្លោះរាលដាលកាន់តែធំនោះទេ ហើយការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង និងនាវាចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ា គឺមានគោលទប់ស្កាត់កុំឱ្យរឿងបែបនេះកើតឡើង។

គួរបញ្ជាក់ថា ខណៈអ៉ីស្រាអែល កំពុងបង្កើនការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា គ្រប់គ្រងដោយហាម៉ាស កងទ័ពអាមេរិកនៅក្នុងប្រទេសអ៉ីរ៉ាក់ត្រូវបាន រាយការណ៍ជាបន្តបន្ទាប់ថាបានកា្លយជាគោលដៅនៃការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយន្ដហោះដ្រូន។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នាវាចម្បាំងអាមេរិកមួយគ្រឿង ក៏បានបាញ់ទម្លាក់មីស៊ីលគ្រូស ៤គ្រាប់ និងយន្ដហោះដ្រូនជាច្រើនគ្រឿងផងដែរ ដែលត្រូវបានជឿជាក់ថាបាញ់ចេញដោយក្រុម ហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន ឆ្ពោះទៅរកអ៉ីស្រាអែល៕