អាជ្ញាធរតាមបណ្តាខេត្តនានានៅឡាវកំពុងរៀបចំខ្លួនដើម្បីស្វាគមន៍លំហូរភ្ញៀវបរទេសអំឡុងពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ រដ្ឋាភិបាលឡាវរំពឹងទទួលបានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន៤,៦លាននាក់ និងបង្កើនប្រាក់ចំណូលបានចំនួន៧១២លានដុល្លារនៅឆ្នាំ ២០២៤។
យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ Visit Laos Year 2024 នឹងចាប់ផ្តើមជាផ្លូវការនៅខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះនឹងនាំភ្ញៀវទេសចរទៅលេងប្រទេសឡាវ ដែលជំរុញដល់ការបង្កើតផលិតផលថ្មីៗ ជាមួយការលើកកម្ពស់គុណភាពសេវាកម្មស្របតាមតម្រូវការនៃក្រុមទីផ្សារគោលដៅ។ នេះបើតាមលោក Kikeo Khaykhamphithoune ឧបនាយករដ្ឋមន្ត្រីឡាវនៅកិច្ចប្រជុំរៀបចំយុទ្ធនាការ Visit Laos Year 2024 ។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោកស្រី Suanesavanh Vignaket យុទ្ធនាការ Visit Laos Year 2024 បានបែកចែកជា ៧៥គម្រោងធំៗដោយក្នុងនោះ ១៤គម្រោងនឹងត្រូវធ្វើឡើងទូទាំងប្រទេស និង ៦១គម្រោងទៀតធ្វើនៅតាមបណ្តាខេត្ត។
ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ទាំងនេះ អាជ្ញាធរខេត្តបានធ្វើការកែលម្អកន្លែងទេសចរណ៍បានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ ខណៈដែលផ្លាកសញ្ញាត្រូវបានដំឡើងនៅលើផ្លូវដែលតភ្ជាប់ទៅកាន់ប្រទេសជិតខាង និងនៅលើផ្លូវទៅកាន់តំបន់ទេសចរណ៍។
ប្រធានមន្ទីរព័ត៌មាន វប្បធម៌ និងទេសចរណ៍ខេត្តហ្លួងណាំថា លោក Somsavath Namintha បានប្រាប់សារព័ត៌មានចិន Xinhua ថា អាជ្ញាធរខេត្តកំពុងផ្តោតលើកម្មវិធីចំនួន១៣ ដូចជាការកែលម្អបរិក្ខារ និងស្តង់ដារនៃសេវាកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្នុងអំឡុងពេលទៅទស្សនាឡាវឆ្នាំ ២០២៤ ។
ទន្ទឹមនេះ អាជ្ញាធរខេត្តកំពុងធ្វើទំនើបកម្មតំបន់ទេសចរណ៍ជាច្រើន និងបង្កើនជំនាញរបស់បុគ្គលិកដែលធ្វើការនៅសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយសង្ឃឹមថានឹងបង្កើតចំណាប់អារម្មណ៍ល្អដល់ភ្ញៀវទេសចរ។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារនៅតាមគោលដៅទេសចរណ៍ពេញនិយមមួយចំនួននឹងត្រូវបានធ្វើឱ្យប្រសើរឡើង។
បើតាមលោក Somsavath Namintha ខេត្តនេះរំពឹងថានឹងទទួលបានភ្ញៀវទេសចរយ៉ាងហោចណាស់១លាននាក់នៅឆ្នាំក្រោយ ដែលអាចរកចំណូលបានជាង៥៩លានដុល្លារ។
ជាមួយគ្នានេះ ខេត្តភួងសាលិដែលគេស្គាល់ថាជាទឹកដីនៃដើមតែបៃតង និងមានអ័ព្ទធ្លាក់ពេលព្រឹក រំពឹងទាក់ទាញភ្ញៀវទេសចរបានជាង ១២៨ពាន់នាក់នៅឆ្នាំក្រោយ។ ខេត្តនេះនឹងរៀបចំពិធីបុណ្យអាហារជនជាតិ និងការភ្លក់រសជាតិតែដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់ខេត្តភាគខាងជើងដាច់ស្រយាលនេះ។
ចំណែកខេត្តហ្លួងប្រាបាងក៏កំពុងបង្កើនការផ្សាយពាណិជ្ជកម្មនិងការលើកកម្ពស់វិស័យទេសចរណ៍តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ការទាក់ទាញទេសចរណ៍កំពុងត្រូវបានកែលម្អ និងបន្ថែមកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ ដើម្បីទទួលភ្ញៀវទេសចរណ៍បរទេស និងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ខេត្តជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ។
ការធ្វើជាម្ចាស់ផ្ទះអាស៊ាននៅឆ្នាំក្រោយ ត្រូវបានចាត់ទុកជាឱកាសមាសសម្រាប់ឡាវក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ដ៏គួរឱ្យស្ញប់ស្ញែងជាច្រើនរបស់ប្រទេសទៅកាន់ទស្សនិកជនអន្តរជាតិយ៉ាងច្រើន។
៦ខែឆ្នាំនេះ មានភ្ញៀវទេសចរបរទេសជិត ១,៧លាននាក់បានទៅលេងនៅឡាវក្នុងនោះភ្ញៀវទេសចរថៃ វៀតណាម និងចិនស្ថិតនៅលំដាប់កំពូល៕