អត្រាអតិផរណានៅក្នុងប្រទេសនីហ្សេរីយ៉ាកាលពីខែកញ្ញាបានបន្តឡើងខ្ពស់ ដោយឡើងពីអត្រា ២៥,៨% ដែលជាអត្រាខ្ពស់មិនធ្លាប់មានពីមុនមកកាលពីខែសីហា។
បើប្រៀបធៀបទៅនឹងឆ្នាំមុន អត្រាអតិផរណាបានកើនឡើងចំនួន ៥,៩៤% បើធៀបទៅនឹងអត្រាអតិផរណាកាលពីខែកញ្ញាឆ្នាំ ២០២២ ដែលនៅពេលនោះមានតែចំនួន ២០,៧៧% ប៉ុណ្ណោះ។
ការិយាល័យជាតិស្ថិតិនៃប្រទេសនីហ្សេរីយ៉ាបានឱ្យដឹងថា និន្នាការកើនឡើងនៃអតិផរណានេះគឺបណ្ដាលមកពីការកើនឡើងនៃតម្លៃមុខទំនិញស្បៀងអាហារនានាដូចជានំប៉័ង គ្រាប់ធញ្ញជាតិ សាច់ បន្លែ ទឹកដោះគោ ត្រី ផ្លែឈើ និងប្រេងឆាជាដើម។
អ្នកតាមដានសេដ្ឋកិច្ចបាននិយាយថា គោលនយោបាយរបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ដែលរួមមានទាំងការលុបចោលនូវប្រាក់បដិភាគរបស់រដ្ឋាភិបាលសម្រាប់ប្រេងឥន្ធនៈកាលពីខែឧសភាផងដែរ គឺជាកត្ដាដែលបណ្ដាលឱ្យអត្រាអតិផរណានេះឡើងខ្ពស់។ អ្នកទាំងនេះក៏បានព្យាករណ៍ផងដែរថា និន្នាការនេះនឹងនៅតែបន្តទៅមុខ។
លោក Ogho Okiti ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ThinkBusiness Africa បាននិយាយថា៖ «គោលនយោបាយទាំងនេះមិនត្រូវបានអនុវត្តត្រឹមត្រូវនោះទេ។ នៅពេលយើងធ្វើកំណែទម្រង់ គឺយើងធ្វើវាជាបន្តបន្ទាប់រហូត។ អ្វីដែលកំពុងកើតឡើងគឺថា ពួកគេរៀនសូត្រដោយផ្ទាល់ពីការងារ។ អតិផរណានេះអាចនឹងកើនទៅដល់អត្រា ២៨% ឬ ២៩% បើមើលទៅលើនិន្នាការបច្ចុប្បន្ននេះ។ មូលហេតុគឺសាមញ្ញបំផុតគឺថាអតិផរណានៅនីហ្សេរីយ៉ានឹងមិនមានស្ថិរភាពទេរហូតទាល់តែដល់ពេលដែលអត្រាប្ដូរប្រាក់មានស្ថិរភាព។ នៅពេលនេះ តម្លៃប្រាក់ណៃរ៉ា (Naira) របស់នីហ្សេរីយ៉ាបានធ្លាក់ចុះជាង ១០០% ចាប់ពីខែមិថុនាមកទល់នឹងពេលនេះ»។
ប្រធានាធិបតីនីហ្សេរីយ៉ាលោក Bola Tinubu បានដាក់ចេញនូវកំណែទម្រង់គោលនយោបាយខ្លាំងក្លាចាប់តាំងពីពេលដែលលោកបានឡើងកាន់អំណាចកាលពីខែឧសភាមក ដោយបានលុបចោលប្រាក់បដិភាគរបស់រដ្ឋាភិបាលសម្រាប់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។ កន្លងមក ប្រាក់បដិភាគនេះត្រូវបានដាក់ចេញដើម្បីធានាថា តម្លៃប្រេងឥន្ធនៈស្ថិតក្នុងអត្រាមួយដែលពលរដ្ឋមានលទ្ធភាពអាចទិញបាន។
បន្ទាប់មក លោក Tinubu បានអនុញ្ញាតឱ្យតម្លៃប្រាក់ណៃរ៉ា (Naira) របស់នីហ្សេរីយ៉ាប្រែប្រួលទៅតាមតម្លៃរូបិយប័ណ្ណអន្តរជាតិផ្សេងៗ ដែលធ្វើឱ្យប្រាក់នេះបាត់បង់តម្លៃជាងពាក់កណ្ដាល។
ការធ្វើកំណែទម្រង់ទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដោយធ្វើឱ្យរដ្ឋាភិបាលនីហ្សេរីយ៉ារងការរិះគន់យ៉ាងខ្លាំង។
នៅក្នុងខែតុលានេះ សហជីពកម្មករនីហ្សេរីយ៉ាបានលុបចោលនូវផែនការធ្វើកូដកម្មប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលនៅទូទាំងប្រទេស បន្ទាប់ពីពួកគេបានជួបជាមួយអាជ្ញាធរ។
លោក Okiti បានថ្លែងថា សម្ពាធនឹងបន្តកើនឡើងលើក្រុមអ្នកធ្វើគោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាលើអ្នកប្រើប្រាស់ផងដែរ។
លោកថ្លែងដូច្នេះថា៖ «មានសម្ពាធ ៣ ប្រភេទ គឺសម្ពាធសង្គម នយោបាយ និងសេដ្ឋកិច្ចដែលរដ្ឋាភិបាលកំពុងប្រឈម។ ខ្ញុំសង្ឃឹមថា សម្ពាធនេះនឹងមិនរីករាលដាលដល់អ្វីដែលមានលក្ខណៈមហន្តរាយខ្លាំងនោះឡើយ ដោយសារតែពលរដ្ឋនីហ្សេរីយ៉ានឹងទទួលយកនូវគំនិតយល់ខុសនេះ។ តែតាមពិតវាប្រហែលជាមិនអ៊ីចឹងនោះទេ»។
ប៉ុន្តែ លោក Emeka Okengwu ដែលជាអ្នកវិភាគសេដ្ឋកិច្ច បានអះអាងថា សេដ្ឋកិច្ចនីហ្សេរីយ៉ាប្រហែលជាមានស្ថានភាពអាក្រក់ជាងនេះ ប្រសិនបើគ្មានការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលទេនោះ។
លោកថ្លែងដូច្នេះថា៖ «ប្រសិនបើប្រធានាធិបតីមិនបានលុបចោលនូវប្រាក់បដិភាគរបស់រដ្ឋាភិបាលសម្រាប់ប្រេងឥន្ធនៈ ហើយត្រូវចំណាយលើសពីប្រាក់ចំណូលទាំងអស់ទៅលើសេវាសង្គម តើអ្នកគិតថានឹងមានអ្វីកើតឡើងចំពោះសេដ្ឋកិច្ច? សេដ្ឋកិច្ចនឹងដួលរលំតែម្ដង ហើយពេលនោះ អ្នកនឹងមិននិយាយអំពីរឿងអតិផរណាទៀតទេ។ អ្វីដែលអ្នកនឹងនិយាយនោះគឺរឿងតម្លៃទំនិញកើនឡើងខ្ពស់កប់ពពក។ ពេលខ្លះ ការអភិវឌ្ឍសេដ្ឋកិច្ចគឺជារឿងពិបាកមួយ។ ពេលខ្លះយើងត្រូវតែទទួលរងនូវផលប៉ះពាល់អាក្រក់មួយរយៈសិន»។
អតិផរណានៅនីហ្សេរីយ៉ាបានឡើងដល់អត្រាតួលេខពីរខ្ទង់តាំងពីឆ្នាំ ២០១៦ មក។ នៅក្នុងការប្រកាសទៅកាន់ប្រជាជាតិកាលពីថ្ងៃទី ១ ខែតុលា លោកប្រធានាធិបតី Tinubu បានការពារគោលនយោបាយរបស់លោក និងបានជំរុញឱ្យពលរដ្ឋនីហ្សេរីយ៉ាមានការអត់ធ្មត់។
កាលពីពេលថ្មីៗនេះ ធនាគារកណ្ដាលនីហ្សេរីយ៉ាបានដកចេញនូវបម្រាមពាក់ព័ន្ធនឹងការនាំចូលទំនិញពីទីផ្សារផ្លូវការនៅបរទេសសម្រាប់ទំនិញចំនួន ៤៣ មុខដូចជាស្រូវ ស៊ីម៉ង់តិ៍ ផលិតផលប្រេងដូង ប្រេងផលិតពីបន្លែ និងសាច់កៃច្នៃជាដើម៕