(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់ចំនួន ៣។
សេចក្ដីព្រាងច្បាប់ទាំងនោះរួមមាន ១-សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ ៣- សេចក្តីព្រាងច្បាប់ ស្តីពីការទូរទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។
ក្រៅពីនេះ សម្ដេចធិបតី ក៏នឹងដឹកនាំប្រជុំពិនិត្យលើ បញ្ហាផ្សេងៗ ដូចជា សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃអេមីរ៉ាតអារ៉ាប់រួមផងដែរ៕