(ឡុងដ៍)៖ តម្លៃប្រេងបានធ្លាក់ចុះ ២ភាគរយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីស្តុកប្រេងឆៅអាមេរិកកើនឡើងដែលបង្ហាញពីការធ្លាក់ចុះតម្រូវការ ស្របពេលដែលមានក្តីបារម្ភចក្ខុវិស័យសេដ្ឋកិច្ចមិនច្បាស់លាស់ក្នុងពេលមានសង្គ្រាមនៅអ៊ីស្រាអែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កិច្ចសន្យាប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាសម្រាប់ចែកចាយអនាគតបានធ្លាក់ចុះ ២ដុល្លារ ឬ ២,២ភាគរយមកនៅត្រឹម ៨៨,១៣ដុល្លារក្នុងមួយបារ៉ែលនៅល្ងាចថ្ងៃព្រហស្បតិ៍។ តម្លៃប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកក្នុងកិច្ចសន្យាសម្រាប់ចែកចាយអនាគតបានធ្លាក់ចុះ ២,២៦ដុល្លារ ឬ ២,៧ភាគរយមកនៅត្រឹម ៨៣,១៣ដុល្លារក្នុងមួយបារ៉ែល។
ការភ័យខ្លាចនៃការរីករាលដាលជម្លោះក្នុងតំបន់មជ្ឈឹមបូព៌ា ដែលអាចទាញប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ចូលក្នុងសង្គ្រាម បានជួយគាំទ្រដល់តម្លៃប្រេងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែការភ័យព្រួយក៏កំពុងធ្វើឱ្យវិនិយោគិនលក់ចេញទ្រព្យសកម្មដែលមានហានិភ័យផងដែរ ។
លោក Craig Erlam អ្នកវិភាគប្រចាំក្រុមហ៊ុន OANDA បានទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «យើងកំពុងមើលឃើញការគេចចេញពីហានិភ័យយ៉ាងទូលំទូលាយនៅក្នុងទីផ្សារ ដោយសារការព្រួយបារម្ភអំពីសេដ្ឋកិច្ចហាក់ដូចជាកត្តាជំរុញដ៏សំខាន់នៃរឿងនោះ»។
លោកស្រី Tina Teng អ្នកវិភាគទីផ្សារប្រចាំក្រុមហ៊ុន CMC បានថ្លែងថា៖ «ការប្រែប្រួលទីផ្សារប្រេងមានពាក់ព័ន្ធជាចម្បងជាមួយសង្រ្គាមហាម៉ាសនិងអ៊ីស្រាអែល»។
ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកក៏បានកើនឡើងផងដែរនៅក្នុងសប្តាហ៍ចុងក្រោយនេះ ដែលបង្ហាញពីការធ្លាក់ចុះតម្រូវ។ យោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក ស្តុកប្រេងឆៅអាមេរិកបានកើនឡើង ១,៤លានបារ៉ែលដល់ ៤២១,១លានបារ៉ែល ពោលគឺខ្ពស់ជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគក្នុងការស្ទង់មតិរបស់រ៉យទ័រដែលថាអាចកើនឡើង ២៤០ ០០០បារ៉ែល។
ទិន្នន័យរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (EIA) បានបង្ហាញថា ដំណើរការចម្រាញ់ប្រេងឆៅនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន ២០៧ ០០០បារ៉ែលក្នុងមួយថ្ងៃ ខណៈដែលអត្រាប្រើប្រាស់រោងចក្រចម្រាញ់ប្រេងក៏ធ្លាក់ចុះ ០,៥ភាគរយផងដែរពោលគឺមកនៅត្រឹម ៨៥,៥៦ភាគរយនៃសមត្ថភាពចម្រាញ់សរុប។
ក្តីបារម្ភអំពីសេដ្ឋកិច្ចម៉ាក្រូបានបន្តដាក់បន្ទុកលើចក្ខុវិស័យតម្រូវការប្រេង បន្ទាប់ពីការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងខែនេះនៅក្នុងទិន្នន័យសកម្មភាពអាជីវកម្មតំបន់ចាយប្រាក់អឺរ៉ូ៕