ដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃ ០៦ វិច្ឆិកា ២០២៣ នឹងត្រូវប្រព្រឹត្តិទៅតាមគោលការណ៍សំខាន់ចំនួន ៤។ នេះបើតាមការគូសបញ្ជាក់ពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានាសន្និសីទនៅរសៀលនេះ។
លោក ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា គោលការណ៍ទាំង ៤ គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
លោករដ្ឋមន្រ្តីអះអាងថា តាមរយៈការដាក់ចេញគោលការណ៍ទាំង ៤ ពោលគឺ «អ្នកចេះជាប់»។ លោករដ្ឋមន្រ្តីលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវមានជំនឿជឿជាក់លើសមត្ថភាពខ្លួនឯង ដើម្បីសម្រេចឲ្យបានលទ្ធផលល្អពីការប្រឹងប្រែងរៀនសូត្ររយៈពេល ១២ ឆ្នាំនេះ។
លោករដ្ឋមន្រ្តីក៏ក្រើនរំលឹកដល់បេក្ខជន ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឲ្យបានល្អប្រសើរ ដោយមិនត្រូវលាក់ទុកឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលមណ្ឌលប្រឡងឬបន្ទប់ប្រឡងដាច់ខាត។ លោករដ្ឋមន្ត្រីព្រមាននឹងមិនលើកលែងសម្រាប់ការល្មើស ដោយលើកឧទាហរណ៍កន្លងទៅមានការប្រកាសដាក់ឲ្យបេក្ខជនមួយចំនួនធ្លាក់ដោយស្វ័យប្រវត្តិដោយសារល្មើសមិនគោរពតាមគោលការណ៍នៃការប្រឡង។
ទាក់ទងវិញ្ញាសាប្រឡងនៅឆ្នាំនេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថារៀបចំសមស្របតាមកម្មវិធីសិក្សា។ បើតាមលោករដ្ឋមន្រ្តី ដូចបណ្តាឆ្នាំមុនៗការប្រឡងមានចំនួន ៧ មុខវិជ្ជា។ ក្នុងនោះមានវិញ្ញាសារជម្រើសដែលក្រសួងកំណត់យកមុខវិជ្ជាប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្រ្ត និងមុខវិទ្យាផែនដីវិទ្យា និងបរិស្ថានវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម។
ចំណែកប្រធានវិញ្ញាសាមានពីរប្រភេទគឺប្រធានវិញ្ញាសាចម្លងតាមក្តារខៀន និងប្រធានវិញ្ញាសាចែកជូនដល់បេក្ខជន។
ការប្រឡងសញ្ញាបត្រទុតិយភូមិសម័យប្រឡងនៅថ្ងៃ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២ នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១ ៣៧៩ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦ ០៣៣ នាក់។
មណ្ឌលសម្រាប់រៀបចំការប្រឡងមានចំនួន ២២៧ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៧២ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១៥៥ មណ្ឌល៕