ទីក្រុងស៊ីដនី៖ អូស្ត្រាលីកំពុងត្រៀមបញ្ជូនកងកម្លាំការពារក្នុងចំនួនដ៏ច្រើនមួយ រួមជាមួយយន្តហោះ២គ្រឿង ពីកងកម្លាំងជើងអាកាសរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា។
លោក Richard Marles នាយករដ្ឋមន្ត្រីស្ដីទីអូស្ត្រាលី បានថ្លែងថា ដោយសារតែមូលហេតុសន្តិសុខ លោកមិនអាចបង្ហាញអំពីទីតាំងជាក់លាក់ដែលយន្តហោះទាំងពីរគ្រឿង និងកងកម្លាំងត្រូវចុះចតនោះទេ។
លោក Marles ថ្លែងថា មានពលរដ្ឋអូស្ត្រាលីចំនួន ៧៩ នាក់កំពុងស្ថិតនៅតំបន់ហ្កាហ្សា ដែលជាតំបន់ច្រកឆ្នេរសមុទ្រស្ថិតក្រោមការទម្លាក់គ្រាប់បែកពីសំណាក់អ៊ីស្រាអែល ចាប់តាំងពីមានការវាយប្រហារដោយក្រុមជនសកម្មប្រយុទ្ធហាម៉ាស់ទៅលើសហគមន៍អ៊ីស្រាអែល កាលពីដើមខែតុលាមក។ រដ្ឋាភិបាលក្រុងកង់បេរ៉ា បានធ្វើមាតុភូមិនិវត្តពលរដ្ឋរបស់ខ្លួនតាមជើងយន្តហោះជាច្រើនលើករួចហើយ ដើម្បីឲ្យពួកគេចាកចេញពីអ៊ីស្រាអែល បើទោះបីជាជើងហោះហើរថ្មីៗសម្រាប់ការជម្លៀសនេះមិនទាន់ត្រូវបានកំណត់ក៏ដោយ។ លោក Marles បានឲ្យដឹងថា បច្ចុប្បន្ននេះ នៅមានពលរដ្ឋអូស្ត្រាលី «ក្នុងចំនួនច្រើន» កំពុងមានវត្តមាននៅតំបន់មជ្ឈិមបូព៌ានៅឡើយ។
លោកថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃពុធកន្លងទៅថា ការពង្រាយយោធានឹងអាចជួយដល់ការជម្លៀសនេះ ប្រសិនបើជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ រីករាលដាលកាន់តែខ្លាំងឡើងនោះ។
លោកថ្លែងដូច្នេះថា៖ «មូលហេតុដែលយើងសម្រេចឲ្យមានការពង្រាយកងយោធា គឺដើម្បីផ្ដល់តម្លៃដ៏សំខាន់បំផុតសម្រាប់ពលរដ្ឋអូស្ត្រាលីដែលកំពុងស្ថិតនៅតំបន់មជ្ឈិមបូព៌ា ប្រសិនបើជម្លោះនេះវិវត្តទៅកាន់តែអាក្រក់ជាងមុននោះ។ វាជាស្ថានភាពដែលមានគ្រោះថ្នាក់មួយ។ យើងសង្ឃឹមថាស្ថានភាពវានឹងមិនវិវត្តន៍ទៅដូច្នោះទេ»។ យើងសង្ឃឹមថាសង្គ្រាមនេះកើតមានតែក្នុងរង្វង់អ៊ីស្រាអែលនិងហ្កាហ្សាទៅចុះ។ យើងចង់បញ្ជាក់ថាយើងមានការត្រៀមខ្លួនទុកជាមុន ក្នុងករណីដែលបញ្ហាវិវត្តន៏កាន់តែអាក្រក់ឡើងនោះ»។
ប្រទេសអូស្ត្រាលីមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលតាំងពីឆ្នាំ ១៩៤៩មក។ ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីក្នុងរដ្ឋធានីកង់បេរ៉ា ថ្លែងថា «អូស្ត្រាលីមានទំនាក់ទំនងដ៏កក់ក្ដៅ និងជិតស្និទ្ធជាមួយប្រទេសអ៊ីស្រាអែល»។ នៅលើឆាកនយោបាយ រដ្ឋាភិបាលក្រុងកង់បេរ៉ា ប្ដេជ្ញាគាំទ្រយន្តការដំណោះស្រាយរដ្ឋពីរ two-state solution ដែលតាមរយៈយន្តការនេះ អ៊ីស្រាអែល និង អនាគតរដ្ឋប៉ាឡេស្ទីន អាចកើតមានឡើងក្នុងដែនដីដែលមានព្រំដែនទទួលស្គាល់ជាអន្តរជាតិ។
អាជ្ញាធរទីក្រុងកង់បេរ៉ាកាលពីពេលថ្មីៗនេះ បានធ្វើបច្ចុប្បន្នភាពទៅលើការណែនាំសម្រាប់ការធ្វើដំណើរចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងនៅដើមខែតុលាមក។ អាជ្ញាធរអូស្ត្រាលី បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនពិចារណាម្ដងទៀត អំពីភាពចាំបាច់ក្នុងការធ្វើដំណើរទៅកាន់អ៊ីស្រាអែល និង ដែនដីប៉ាឡេស្ទីនដែលអ៊ីស្រាអែលកាន់កាប់ ដោយសារតែស្ថានការណ៍សន្តិសុខនោទីនោះងាយប្រែប្រួល។
ការណែនាំស្រដៀងគ្នានេះ ក៏ត្រូវបានធ្វើឡើងផងដែរសម្រាប់ប្រទេសអេហ្ស៊ីប។ ពលរដ្ឋអូស្ត្រាលីត្រូវបានលើកទឹកចិត្តកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសលីបង់។ចំណែកនៅក្នុងប្រទេសហ្ស៊កដានីវិញ ពលរដ្ឋអូស្ត្រាលីត្រូវបានអាជ្ញាធរណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធទៅនឹងការគំរាមកំហែងបណ្ដាលមកពីការវាយប្រហារពីពួកភេរវជន៕