(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋលែងបារម្ភចំពោះហានិភ័យគ្រាប់មីន និងហានិភ័យសង្រ្គាមហើយ នៅឡើយតែបញ្ហាគ្រឿងញៀន និងបងតូចបងធំទេ ដែលពួកគាត់កំពុងបន្តបារម្ភ ដែលបញ្ហានេះ ទាមទារឲ្យយើងទាំងអស់គ្នាត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ចំពោះគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាគ្រឿងញៀន បញ្ហាអសន្តិសុខផ្សេងៗទៀត នៅតាមមូលដ្ឋានគឺជាកង្វល់រួមទាំងអស់គ្នា ដូច្នេះត្រូវខិតខំធ្វើយ៉ាងណាទប់ស្កាត់នូវបញ្ហានេះឲ្យកុំឲ្យមាន បន្តទៀត ជាពិសេសគឺគ្រឿងញៀននេះតែម្តងត្រូវតែកម្ចាត់វាឲ្យអស់ចេញពីកម្ពុជា។
ជាមួយនឹងការកង្វល់ចំពោះបញ្ហាគ្រឿងញៀននេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏លើកឡើងផងដែរថា ការរៀបចំយន្តការអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន ដោយដាក់បញ្ជូលសមាសភាពថ្នាក់ជាឧបនាយករដ្ឋមន្ត្រីរហូតដល់៤រូប ដឹកនាំយន្តការនេះ គឺបង្ហាញពីឆន្ទៈយ៉ាងមុះមុត និងការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ សំដៅធ្វើយ៉ាងណាឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ពោលគឺឲ្យអស់ពីកម្ពុជាតែម្តង៕