កំពង់ស្ពឺ៖ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីខេត្ត សមិទ្ធផលនានា និងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាជាប្រទេសមួយដែលមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសលកម្ពុជាមិនមានឱកាសបង្ហាញ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា សុខសន្តិភាពមិនមានតម្លៃត្រឹមតែជាការបញ្ចប់សង្គ្រាមប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានធ្វើឱ្យតំបន់នានានៅទូទាំងប្រទេសមានការអភិវឌ្ឍ ពលរដ្ឋមានការងារធ្វើកាន់តែច្រើន ព្រមទាំងមានជីវភាពកាន់តែប្រសើរថែមទៀត។ កម្ពុជាបើនិយាយត្រឹមតែទឹកដីដែលនៅសល់ក្នុងពេលបច្ចុប្បន្ន ដោយមិនរាប់បញ្ចូលទឹកដីដែលបាត់ បង់ទៅប្រទេសក្បែរខាងនៅក្នុងដំណើរប្រវត្តិសាស្ត្ររបស់ខ្លួននោះទេ កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសមហាអំណាចនៃសម្បត្តិវប្បធម៌ ដែលបុព្វដូនតាខ្មែរបានបន្សល់ទុកតាំងពីរាប់ពាន់ឆ្នាំកន្លងមកហើយ។
ភាពល្បាញល្បីនៃមរតកដូនតាខ្មែរត្រូវលិចបាត់ពិភពលោកលែងស្គាល់ គឺដោយសារតែឥទ្ធិពលនៃ សង្គ្រាមជាច្រើនទសវត្សរ៍នៅកម្ពុជា។ សន្តិភាពបាននាំឱ្យពិភពលោកបានស្គាល់កេរដំណែលដូនតា ខ្មែរឡើងវិញ។ សន្តិភាពបានធ្វើឱ្យមរតកវប្បធម៌របស់បុព្វដូនតាខ្មែរជាច្រើន ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕