Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋកំពុងពន្លឿនស្តារផ្លូវជាតិលេខ៣៣ ឱ្យរួចទាន់ពិធីបុណ្យសមុទ្រខែធ្នូ ខណៈបច្ចុប្បន្នសម្រេចបានជិត ៤០%

Media LNN | Oct 30, 2023
រដ្ឋកំពុងពន្លឿនស្តារផ្លូវជាតិលេខ៣៣ ឱ្យរួចទាន់ពិធីបុណ្យសមុទ្រខែធ្នូ ខណៈបច្ចុប្បន្នសម្រេចបានជិត ៤០%
Clinic narith

ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វឌ្ឍនភាពនៃ​គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារជិត ៤០%។

ការងារ​ដែល​សម្រេចបានរួមមាន៖ ការងារកៀរសម្អាត ពង្រីកទទឹងតួផ្លូវ (Clearing) សម្រេចបាន ៥២,៥៧ គ.ម (២)ការងារកិនបង្ហាប់ស្រទាប់ Sub Grade សម្រេចបាន ៤៩,៨៧ គ.ម និង (៣) ការងារក្រាលស្រទាប់គ្រឹះរង (Sub-Base) សម្រេចបាន ៣៧,៦៦ គ.ម។

 

ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារសាងសង់ និងចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete) កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន ផងដែរ។

ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពសាងសង់ និងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាគម្រោងផ្លូវជាតិលេខ៣៣ អនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព ហើយត្រូវរួចរាល់ទៅតាមផែនការគ្រោងទុក ជាពិសេសដើម្បីត្រៀមមុនសម្រាប់ពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុន ត្រូវរក្សាសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ចៀសចរាចរណ៍ និងឧបករណ៍ការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

សូមជម្រាប​ថា គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕