
នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទ ៣០ ខែតុលា បទឈប់បាញ់ក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នឹងមិនកើតឡើងទេ ខណៈអង្គការសហប្រជាជាតិបានព្រមានថាពុំមានជំនួយគ្រប់គ្រាន់នឹងចូលទៅដល់ តំបន់ហ្កាហ្សា ដើម្បីបំពេញតម្រូវការមនុស្សធម៌ មិនធ្លាប់មាននោះទេ ។
កងកម្លាំងថ្មើរជើងអ៊ីស្រាអែល បានប្រយុទ្ធនៅខាងក្នុងតំបន់ហ្កាហ្សា ហើយការវាយប្រហារតាមអាកាសបានវាយលុកទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧តុលា ជាការសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។
ប្រតិបត្តិការយោធាកាន់តែធំឡើងបានបង្កើនការភ័យខ្លាចយ៉ាងខ្លាំងសម្រាប់ប្រជាជន ២,៤ លាននាក់នៃតំបន់ហ្កាហ្សា ជាដែលក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា មនុស្សជាង ៨.៣០០ នាក់ត្រូវបានសម្លាប់។
នៅក្នុងបទសម្ភាសន៍មួយទៅកាន់សារព័ត៌មានបរទេស លោក Netanyahu បាននិយាយថា បទឈប់បាញ់មួយនឹងស្មើនឹងការចុះចាញ់ក្រុមហាម៉ាស ដែលក្រុមខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ១.៤០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង ២៣០ នាក់ ។ នេះបើយោងតាមតួលេខចុងក្រោយរបស់អ៊ីស្រាអែល។
លោកបាននិយាយថា ការអំពាវនាវឱ្យមានបទឈប់បាញ់គឺជាការអំពាវនាវឱ្យអ៊ីស្រាអែលចុះចាញ់នឹងក្រុមហាម៉ាស ដើម្បីចុះចាញ់នឹងអំពើភេរវកម្ម រឿងបែបនេះ នឹងគ្មានថ្ងៃកើតឡើងជាដាច់ខាត ដោយបានប្តេជ្ញាថាអ៊ីស្រាអែលនឹង ប្រយុទ្ធរហូតដល់ឈ្នះសមរភូមិនេះ។
សម្ព័ន្ធមិត្តអ៊ីស្រាអែលគឺ សហរដ្ឋអាមេរិក ក៏បានជំទាស់នឹងបទឈប់បាញ់ដែរ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយថា យើងមិនជឿថា បទឈប់បាញ់គឺជាចម្លើយត្រឹមត្រូវនៅពេលនេះទេ ដោយបន្ថែមថា ការផ្អាក ដើម្បីទទួលបានជំនួយទៅកាន់តំបន់ហ្កាហ្សា គួរតែត្រូវបានពិចារណាជំនួសឲ្យបទឈប់បាញ់៕