Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សព្វផ្សាយវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ

Media LNN | Oct 31, 2023
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សព្វផ្សាយវិធានការដោះស្រាយ គម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ
Clinic narith

 

(ព្រះសីហនុ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ» ដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញក្រសួងស្ថាប័នពាក់ព័ន្ធ និង តំណាងវិស័យឯកជន ព្រមទាំងសារព័ត៌មាន ចំនួនជាង១៥០នាក់។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ក្នុងខេត្តព្រះសីហនុ ក្នុងខែមីនា ឆ្នាំ២០២៣ ហើយសិក្ខាសាលាថ្ងៃនេះ នឹងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវវិធានការរាជរដ្ឋាភិបាល ក្នុងចំណោមតួអង្គសំខាន់ៗ និង អ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ និងឯកជន ដើម្បីជំរុញការអនុវត្ត, និងជំរុញសកម្មភាព និង សម្ទុះសេដ្ឋកិច្ចក្នុងខេត្ត ទាំងក្នុងរយៈពេលខ្លី មធ្យម និង វែង។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមការណែនាំ របស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំការសិក្សា លើការរៀបចំវិធានការ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។ តាមរយៈនេះ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍២៖

*ទី១៖ ឲ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ចប់
*ទី២៖ ឲ្យអគារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬ ធុរកិច្ច។

ជាមួយនេះ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមមគ្គទ្ទេសក៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដែលតាមនេះ រាជរដ្ឋាភិបាលផ្តោតអាទិភាព លើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ-បំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍, មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ, តំបន់ឧស្សាហកម្ម ជាដើម ដោយកំណត់យន្តការអនុវត្ត ឲ្យបានច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយ។

បន្ថែមពីលើនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និងម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង ១,០០០លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ពិសេសប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និងអនាគត។

វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង គឺជា «វិធានការជាកញ្ចប់» ដែលត្រូវអនុវត្ត ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទះខ្ពស់ និងមានភាពសកម្ម ដែលត្រូវធ្វើឡើងតាមរយៈការ ទាក់ទាញវិនិយោគិន និង ភ្ញៀវទេសចរ, ការបង្កើតតម្រូវការទីផ្សារ សំដៅកាត់បន្ថយគម្រោងវិនិយោគជាប់គាំងជាអតិបរិមា, និង ការបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏រស់-រវើកឡើងវិញ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចឡើងវិញថា សិក្ខាសាលាផ្សព្វផ្សាយនេះ ជាការអនុវត្តផែនការសកម្មភាពនៃវិធានការរាជរដ្ឋាភិបាល និង ជាជំហាន ដ៏សំខាន់មួយថែមទៀត ក្នុងកិច្ចដំណើរការដោះស្រាយ គម្រោងវិនិយោគជាប់គាំង។ លោកបណ្ឌិតសភាចារ្យ បានស្នើដល់អ្នកចូលរួមទាំងអស់ ចូលរួមដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់, ផ្សព្វផ្សាយបន្ត និងចូលរួមអនុវត្តវិធានការនេះ ឲ្យសម្រេចបានលទ្ធផលជាផ្លែផ្កា៕