(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីលុបចោលការផ្ដល់សច្ចាប័នរបស់រុស្ស៉ីលើ សន្ធិសញ្ញាអន្តរជាតិស្ដីពីការហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការចុះហត្ថលេខារបស់លោក ពូទីន គឺជារឿងមួយដែលត្រូវបានគេរំពឹងទុកជាមុនរួចទៅហើយ ប៉ុន្តែអ្វីដែលសំខាន់គឺការសម្រេចលុបចោលការផ្ដល់សច្ចាប័ននេះ ជាភស្តុតាងមួយបង្ហាញកាន់តែច្បាស់ពីការធ្លាក់ចុះដុនដាបនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ដែលបានធ្លាក់ដល់កម្រិតដ៏ទាបបំផុតមួយ មិនធ្លាប់មាន ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក ដោយសារតែការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។
ទីក្រុងមូស្គូបាននិយាយថាការលុបចោលការផ្ដល់សច្ចាប័នដល់សន្ធិសញ្ញា Comprehensive Nuclear Test Ban Treaty ឬហៅកាត់ថា CTBT ធ្វើឡើងដូចគ្នាទៅ នឹងសហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខា តែមិនបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញានេះនោះទេ។ បើតាមក្រុមមន្ត្រីការទូតរុស្ស៉ី ទីក្រុងមូស្គូនឹងមិនធ្វើតេស្ដអាវុធ នុយក្លេអ៊ែរឡើងវិញនោះទេ លុះត្រាតែសហរដ្ឋអាមេរិកធ្វើតេស្ដអាវុធនុយក្លេអ៊ែរមុន។ ប៉ុន្តែ ក្រុមអ្នកវិភាគលោកខាងលិចនៅតែមានការព្រួយបារម្ភថារុស្ស៉ី អាចនឹង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដើម្បីសម្លុតគំរាម និងបង្កភាពភ័យខ្លាចដល់លោកខាងលិច នៅក្នុងសង្រ្គាមអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក ពូទីន កាលពីថ្ងៃទី៥ ខែតុលា បាននិយាយថាលោកមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រាប់ថាតើរុស្ស៉ីគួរតែធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញដែរ ឬក៏យ៉ាងណានោះទេ បន្ទាប់ពីមានការអំពាវនាវពីអ្នកជំនាញសន្តិសុខ និងសមាជិកសភាមួយចំនួនរបស់រុស្ស៉ី ឱ្យធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរជាសារព្រមានដល់ លោកខាងលិច៕