(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានផែនការប្រកាសពីការផ្ដល់កញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ ៤២៥លានដុល្លារ សម្រាប់អ៊ុយក្រែន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្នុងនោះរួមមានទាំងរ៉ុក្កែតប្រឆាំងយន្ដហោះដ្រូន និងគ្រាប់មីស៊ីល។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
កញ្ចប់ជំនួយយោធាខាងលើត្រូវបានរំពឹងថានឹងមិនមានមីស៊ីលរយៈចម្ងាយ ATACMS បន្ថែមនោះទេ។ Reuters ដោយផ្អែកលើឯកសារមួយដែលខ្លួន បានឃើញ និងប្រភពពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា កញ្ចប់ជំនួយយោធាខាងលើនឹងមានរួមបញ្ចូលមីស៊ីល បំពាក់ឡាស៊ែរប្រាប់ទិសមានទំហំទឹកប្រាក់៣០០លានដុល្លារ ដើម្បីបាញ់យន្ដហោះដ្រូន។ មូលនិធិសម្រាប់មីស៊ីលទាំងនេះនឹងត្រូវដកចេញពីកម្មវិធី Ukraine Security Assistance Initiative (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលលោក បៃដិន ទិញអាវុធពីក្រុមហ៊ុនអាវុធអាមេរិក ជាជាងដកអាវុធ ចេញពីឃ្លាំងស្តុក។
ចំណែក កញ្ចប់ជំនួយយោធានៅសល់ ១២៥លានដុល្លារ នឹងត្រូវចំណាយលើការផ្ដល់មីស៊ីលបន្ថែមសម្រាប់ប្រព័ន្ធមីស៊ីល NASAM HIMARS គ្រាប់កាំភ្លើងធំ ១០៥ និង១៥៥មីលីម៉ែត្រ ព្រមទាំងអាវុធប្រឆាំងរថក្រោះជាដើម។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាទំហំ ៤៤ពាន់លានដុល្លារ ហើយទៅឱ្យអ៊ុយក្រែន៕