Alynana Media Cambodia
Icon Collap
clinic narit

កូរ៉េខាងជើងទទួលស្គាល់ការបិទស្ថានទូតមួយចំនួន ប៉ុន្តែអះអាងថា វាធ្វើឡើងដើម្បីកែទម្រង់ប្រសិទ្ធភាពការទូត

Media LNN | Nov 03, 2023
កូរ៉េខាងជើងទទួលស្គាល់ការបិទស្ថានទូតមួយចំនួន ប៉ុន្តែអះអាងថា វាធ្វើឡើងដើម្បីកែទម្រង់ប្រសិទ្ធភាពការទូត
Clinic narith

(ព្យុងយ៉ាង)៖ នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានចេញមុខទទួលស្គាល់ថា ខ្លួនកំពុងបិទស្ថានទូតមួយចំនួន ដើម្បីរៀបចំសមត្ថភាពផ្នែកការទូតឡើងវិញ ឱ្យមានប្រសិទ្ធភាពជាងមុន បន្ទាប់ពីកូរ៉េខាងត្បូងបានមើលឃើញថា ការបិទស្ថានទូតរបស់កូរ៉េខាងជើង គឺជាសញ្ញាមួយបង្ហាញថា ទីក្រុងព្យុងយ៉ាងកំពុងប្រឈមបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច ដោយសារតែសម្ពាធទណ្ឌកម្មរបស់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមសេចក្តីរាយការណ៍ព័ត៌មាននិងក្រុមអ្នកវិភាគ ប្រទេសកូរ៉េខាងជើងគ្រោងនឹងបិទស្ថានទូតសរុបប្រហែលជាង១០កន្លែង រួមមានទាំងនៅ​ប្រទេសអេស៉្បាញ ទីក្រុងហុងកុង និងប្រទេសជាច្រើនទៀតក្នុងទ្វីបអាហ្រ្វិក ដែលអាចមានន័យថា ជិត២៥ភាគរយនៃបេសកម្មការទូតរបស់​កូរ៉េខាងជើងនៅទូទាំងពិភពលោក នឹងត្រូវបិទទ្វារ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានទទួលស្គាល់ផែនការខាងលើ ដោយនិយាយថា ស្ថានទូតមួយចំនួននឹងត្រូវបិទ ប៉ុន្តែមួយចំនួនថ្មី​ក៏នឹងត្រូវបើកផងដែរ។ អ្នកនាំពាក្យបានលើកឡើងដូច្នេះថា «ពួកយើងកំពុងតែធ្វើប្រតិបត្តិការដើម្បីបិទក៏ដូចជាបង្កើតថ្មី នូវបេសកកម្មការទូត ដោយស្របតាមការប្រែប្រួលស្ថានការណ៍ពិភពលោក ព្រមទាំងគោលនយោបាយការបរទេសរបស់កូរ៉េខាងជើងផ្ទាល់»។ អ្នកនាំពាក្យរូបនោះ បានហៅវាថាជាសកម្មភាពធម្មតា និងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

គួរបញ្ជាក់ថា ដោយស្ថិតក្រោមទណ្ឌកម្មយ៉ាងតឹងរ៉ឹង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៉ីលបាលិស្ទីគ កូរ៉េខាងជើងអាចនៅរក្សាទំនាក់ទំនង​ពាណិជ្ជកម្ម និងទំនាក់ទំនងការទូតមិត្តភាព ជាមួយប្រទេសមួយចំនួនតូច ដែលបានផ្សារភ្ជាប់ចំណងទាក់ទងនឹងគ្នា តាំងតែពីសម័យសង្រ្គាមត្រជាក់។ យោងតាមក្រុមអ្នកឃ្លាំមើលទណ្ឌកម្ម ពេលខ្លះបេសកកម្មការទូតកូរ៉េខាងជើង បានធ្វើសកម្មភាពមិនស្រប​ច្បាប់ ដើម្បីរៃអង្គាសប្រាក់យកទៅទ្រទ្រង់ប្រតិបត្តិការពួកគេ និងដើម្បីបញ្ជូនត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាង។

ក្នុងសប្តាហ៍នេះ ក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូង ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើង បាននិយាយថា ការបិទស្ថានទូតមួយចំនួនរបស់កូរ៉េខាងជើង គឺជាសញ្ញាបង្ហាញថា ទីក្រុងព្យុងយ៉ាងកំពុងតែជួបការលំបាកក្នុងការរកលុយនៅក្រៅប្រទេស ដោយសារតែទណ្ឌកម្មអន្តរជាតិ៕