ក្នុងរយៈពេល ១ឆ្នាំនេះមានយានយន្តធ្វើដំណើរសរុបចំនួន ៤,៦៧៩,២២២ គ្រឿង។ ផ្លូវល្បឿនលឿននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយក នូវបទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរជូន ដល់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេស ផ្លូវមួយខ្សែនេះបានចូលរួមសម្រួលដល់ការ ដឹកជញ្ជូនទំនិញរវាង ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។
ពិធីអបអរសាទរខួប ១ឆ្នាំ នៃផ្លូវល្បឿនលឿននេះ នឹងប្រព្រឹត្តទៅនារសៀលថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្ថានីយបង់ប្រាក់ទី១ "ភ្នំពេញ" ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួររម្លឹកដែរថា៖ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ត្រូវបានប្រារព្ធពិធីសម្ពោធនាល្ងាចថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន អមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ៕