(ភ្នំពេញ)៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានព្យាករថា នៅរយៈពេល ២៥ឆ្នាំខាងមុខ ប្រព័ន្ធស្បៀងកម្ពុជាអាចរងគ្រោះកាន់តែខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ។ បញ្ហានេះ ទាមទារឱ្យមានការពង្រឹងភាពធន់ផ្នែកកសិកម្មបន្ថែមទៀត ដើម្បីធានាបានសន្តិសុខស្បៀងគ្រប់គ្រាន់។
ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ លោក អ៊ុក រ៉ាប៊ុន ក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី១០ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ឋស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» នៅថ្ងៃទី៦ វិច្ឆិកា បានអះអាងថា ប្រព័ន្ធស្បៀងកម្ពុជា អាចជួបការគំរាមកំហែងពីវិបត្តិអាកាសធាតុ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ការកើនឡើងកំដៅនៃផែនដី និងឧស្ម័នផ្ទះកញ្ចក់ ជាដើម។ បញ្ហាទាំងនេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ ការប្រកបរបរកសិកម្ម និងហេដ្ឋារចនាសម្ព័ន នានា។
ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនេះ កម្ពុជាចាំបាច់ត្រូវធ្វើបដិវត្តន៍ឱ្យកាន់តែមានភាពធន់ ឆ្លាតវៃ និងបរិយាបន្ន ដើម្បីធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់សម្រាប់ពលរដ្ឋ ជាពិសេសមនុស្សងាយរងគ្រោះ ដូចជា កុមារ ស្រ្តី និងមនុស្ស ចាស់។ ក្រៅពីនោះ ក៏ទាមទារឱ្យមានកិច្ចសហការពីស្ថាប័នរដ្ឋ និងអ្នកពាក់ព័ន្ឋដទៃទៀត ដើម្បីវិនិយោគលើវិស័យកសិកម្មឆ្ពោះទៅរកការអភិវឌ្ឍបៃតង ផងដែរ។ នេះបើតាមលោក អ៊ុក រ៉ាប៊ុន។
រដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនទីបង្ហាញផ្លូវស្តីពី «ប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០» មានចក្ខុវិស័យឆ្ពោះទៅពង្រឹងប្រព័ន្ធស្បៀងមួយឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ បរិយាបន្ន ផ្តល់របបអាហារសុខភាព និងអាហារូបត្ថម្ភ។ បន្ថែមពីលើនេះ មានគោលនយោបាយលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងស្វែងរកការងារជូនពលរដ្ឋឱ្យបានសមរម្យ ជាពិសេសបញ្ចប់ភាពអត់ឃ្លាន ផងដែរ។ ចំពោះ នីតិកាលទី៧នេះ រដ្ឋាភិបាល ក៏បានរួមចំណែកជាមួយបណ្ដាប្រទេសនានា ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ លោក អ៊ុក រ៉ាប៊ុន បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ទាំងអស់ គិតគូរស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយទឹកជំនន់ និងផ្តល់ស្រូវពូជដល់ប្រជាកសិករ ដើម្បីចាប់ផ្តើមដាំដុះឡើងវិញ ព្រមទាំងសិក្សាឱ្យបានល្អិតល្អន់ ដើម្បីបញ្ចៀសផលប៉ះពាល់ដោយទឹកជំនន់ទៅថ្ងៃអនាគត៕