Alynana Media Cambodia
Icon Collap
clinic narit

កំណើនយឺតនៃសេដ្ឋកិច្ចចិន ទាញទម្លាក់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតកម្មពិភពលោក

Media LNN | Nov 11, 2023
កំណើនយឺតនៃសេដ្ឋកិច្ចចិន ទាញទម្លាក់ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតកម្មពិភពលោក
Clinic narith

ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងអូសបន្លាយពេលដំណើរការឧស្សាហកម្មផលិតកម្មពិភពលោកដោយធ្វើឱ្យខាតបង់ប្រាក់ចំណេញសរុប៩%គួបផ្សំនឹងការធ្លាក់ចុះតម្រូវទូរសព្ទស្មាតហ្វូន គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្ទះឈីប និងគ្រឿងម៉ាស៊ីនដោយសារការវិនិយោគទុនចុះខ្សោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុនចុះបញ្ជីធំៗប្រហែល១ម៉ឺន៣ពាន់ នៅសហរដ្ឋអាម៉េរិក ចិន អឺរ៉ុប ជប៉ុន និងប្រទេសមានសេដ្ឋកិច្ចរីកចម្រើនដទៃទៀតពីខែកក្កដា ដល់ខែកញ្ញា គឺមានទំហំជាង១ទ្រីលានដុល្លារ គឺបានកើនឡើង៣%បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការវិភាគរបស់សារព័ត៌មាន Nikkei។ ប៉ុន្តែប្រាក់ចំណេញផ្នែកផលិតកម្មបានធ្លាក់ចុះ៩% ដែលជាការធ្លាក់ចុះ៤ត្រីមាសជាប់ៗគ្នា។

Nikkei បានចងក្រង និងវិភាគលទ្ធផលប្រាក់ចំណូលទាំងនេះ គិតត្រឹមថ្ងៃពុធ ទី៨ ខែវិច្ឆិកា ដោយប្រើទិន្នន័យពី QUICK FactSet ទៅលើក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងពិភពលោកចំនួន១ម៉ឺន៣ពាន់ក្រុមហ៊ុន។

ឧស្សាហកម្មធំៗចំនួន៩ ក្នុងចំណោមឧស្សាហកម្មសំខាន់ៗចំនួន១៦ ដែលភាគច្រើនក្នុងវិស័យផលិតកម្មបានរាយការណ៍ពីការថយចុះប្រាក់ចំណេញរបស់ពួកគេ។ ជាក់ស្ដែងឧស្សាហកម្មគីមីបានរងផលប៉ះពាល់ខ្លាំងបំផុតដោយប្រាក់ចំណេញរបស់វិស័យនេះបានធ្លាក់ចុះ៤៣% រីឯវិស័យអេឡិចត្រូនិកបានធ្លាក់ចុះ១២% ចំណែកវិស័យគ្រឿងម៉ាស៊ីន បានរងការធ្លាក់ចុះប្រាក់ចំណេញលើកដំបូងរបស់ខ្លួនក្នុងអត្រា១០% មិនធ្លាប់មានក្នុងរយៈពេល៥ត្រីមាសមកនេះ។

ខណៈដែលប្រាក់ចំណេញនៅក្នុងវិស័យមិនមែនផលិតកម្មបានកើនឡើង១៦%នោះ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន បានចោលទម្ងន់យ៉ាងធ្ងន់ទៅលើក្រុមហ៊ុនផលិតកម្ម។ ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុនផលិតកម្មមិនមែនរបស់ប្រទេសចិន ប្រហែល២៤០ក្រុមហ៊ុនបានថយចុះ៣០%។ នេះបើតាមទិន្នន័យ QUICK FactSet។

ភាពអសកម្មរបស់ក្រុមហ៊ុនទាំងនេះបានលេចជារូបរាងកាន់តែច្បាស់ បើធៀបទៅនឹងក្រុមហ៊ុន ដែលមិនសូវពឹងផ្អែកលើប្រទេសចិន។ ប្រាក់ចំណូលសុទ្ធបានធ្លាក់ចុះ១% សម្រាប់ក្រុមហ៊ុនដែលពឹងផ្អែកលើប្រទេសចិន ពី១០%ទៅ៣០%នៃការលក់របស់ពួកគេ ចំណែកក្រុមហ៊ុនដែលពឹងផ្អែកលើការលក់របស់ពួកគេទៅលើប្រទេសចិន ក្រោម១០% គឺប្រាក់ចំណូលសុទ្ធរបស់ពួកគេបានកើនឡើង៧%។

ដោយហេតុតែរោងចក្រក្នុងពិភពលោកបានបញ្ជាទិញឧបករណ៍ស្វ័យប្រវត្តិតិចជាងមុន ហើយកម្មកររោងចក្រទិញស្មាតហ្វូន និងផលិតផលផ្សេងទៀតតិចជាងមុននោះ ដូច្នេះហើយឧស្សាហកម្មជាច្រើនកំពុងទទួលផលប៉ះពាល់យ៉ាងខ្លាំង។ ជាក់ស្ដែងក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សរបស់អាម៉េរិក Texas Instruments និងក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ TSMC បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញជាង២០%។

នាយកប្រតិបត្តិក្រុមហ៊ុន TSMC គឺលោក C.C. Wei បានប្រាប់អ្នកចូលរួមក្នុងការនិយាយតាមទូរសព្ទស្ដីពីប្រាក់ចំណូលកាលពីថ្ងៃទី១៩ ខែតុលា ថា អតិថិជនរបស់ក្រុមហ៊ុនលោកនៅតែប្រុងប្រយ័ត្ននៅឡើយដោយសារតែលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចជារួមនៅតែបន្តធ្លាក់ចុះ និងការងើបឡើងវិញនូវតម្រូវការនៅក្នុងប្រទេសចិននៅយឺតនៅឡើយ៕